WWF ប្រកាសថា កូនផ្សោតមួយក្បាលទៀតហើយ បានកើតក្នុងខេត្តក្រចេះ
ក្រុមស្រាវជ្រាវ នៃអង្គការ WWF-កម្ពុជា រដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលនៅអន្លង់ផ្សោតកាំពី ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលក្រុមការងារកំពុងចុះបំពេញការងារត្រួតពិនិត្យសកម្មភាពនេសាទខុសច្បាប់ក្នុងតំបន់ការពារសត្វផ្សោត។
បន្ទាប់ពីបានប្រទះឃើញវត្តមានកូនផ្សោតទើបកើតថ្មីនោះ ក្រុមការងារបានធ្វើការអង្កេតពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំដែលមានកូនតូចនៅជាមួយ និងថតរូបកូនផ្សោតថ្មីនោះ និងមេរបស់វា។ កូនផ្សោតទើបកើតថ្មីនោះ មានអាយុប្រហែលជា មួយថ្ងៃ ហើយនៅក្នុងក្រុមហ្វូងផ្សោតធំដែលមានចំនួនប្រមាណជាប្រាំពីរក្បាល។
កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី ១៣ ហើយ ដែលត្រូវបានកត់ត្រាថាបានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពី ខែមករា រហូតដល់ ខែធ្នូ នេះ ដោយក្នុងនោះកូនផ្សោតចំនួនប្រាំមួយក្បាលត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តស្ទឹងត្រែង និងកូនផ្សោតចំនួនប្រាំពីរក្បាលត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តក្រចេះ។
កូនផ្សោតកើតថ្មី និងកំណើនចំនួនសត្វផ្សោតជាលទ្ធផល ដែលឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃការអភិរក្សសត្វផ្សោតទន្លេមេគង្គ រវាងរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង អង្គការ WWF-កម្ពុជា សហគមន៍ និងដៃគូពាក់ព័ន្ធនានា៕