ស្លាកលេខក្លែងក្លាយប្រុងខ្លួនទៅ ! ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងចំណាយ៣លានដុល្លារដើម្បីលុបបំបាត់ស្លាកលេខរថយន្តក្លែងក្លាយ
(ភ្នំពេញ)៖ថ្មីៗនេះ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា ក្រសួងបានស្នើសុំថវិកាពីរាជរដ្ឋាភិបាលប្រមាណ៣លានដុល្លារអាម៉េរិក សម្រាប់ចំណាយជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខយានយន្ដចាស់ ហើយគ្មាន QR កូដ មកដូរយកស្លាកលេខថ្មី និងមាន QR កូដ ត្រឹមត្រូវ ដោយឥតគិតថ្លៃ ដើម្បីធានាសុវត្ថិភាព និងកុំឱ្យបន្ដមានការប្រើប្រាស់ស្លាកលេខក្លែងក្លាយ នៅទូទាំងប្រទេសតទៅទៀត ។
ការលើកឡើងរបស់ឯកឧត្តរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ បន្ទាប់ពីពេលថ្មីៗកន្លងមកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានរកឃើញ និងចាប់បានអ្នកធ្វើស្លាកលេខក្លែងក្លាយ ចំនួន៧កន្លែង ដែលជាកន្លែងធ្វើស្លាកលេខនគរបាល, ខ.ម, កងរាជអាវុធហត្ថ, ភ្នំពេញ និងលេខខេត្ដ ដែលទាំង៧កន្លែងនេះ គឺជាកន្លែងជាន់លេខសេះហោះ ឬស្លាកលេខក្លែងក្លាយ ។
ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានបន្ថែមថា ដើម្បីកុំឱ្យមានស្លាកលេខសោះហោះ ឬក្លែងក្លាយប្រើប្រាស់បន្ដទៀត នៅក្នុងប្រទេសកម្ពុជា គឺចាំបាច់ត្រូវប្ដូរមកលេខថ្មី ដែលមាន QR កូដ ដើម្បីផ្ដល់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ស្លាកលេខត្រឹមត្រូវ និងទទួលបាននូវទិន្នន័យល្អទាំងអស់ សម្រាប់ការគ្រប់គ្រងស្លាកលេខយានយន្ដ ។
គម្រោងស្នើសុំថវិកា និងរៀបចំប្ដូរស្លាកលេខចាស់ និងផ្ដល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សម្រាប់ប្ដូរឱ្យមកប្រើប្រាស់ស្លាកលេខថ្មីដែលមាន QR កូដនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងតែធ្វើការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយលទ្ធផលយ៉ាងណានោះនៅមិនទាន់បានទទួលនៅឡើយ ៕