សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំនឹងពិចារណាបញ្ឈប់ទៅធ្វើការពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេសពេលដែលមន្ទីរពេទ្យកាល់ម៉ែតសាងសង់ និងបំពាក់ឧបករណ៍បច្ចេកទេសទំនើប
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលណាដែលមន្ទីរពេទ្យកាល់ម៉ែតសាងសង់ និងបំពាក់ឧបករណ៍បច្ចេកទេសទំនើបរួចហើយ សម្តេចនឹងពិចារណាបញ្ឈប់ទៅធ្វើការពិនិត្យ និងព្យាបាលជំងឺ នៅក្រៅប្រទេសទៀតហើយ។ សម្តេចបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់
ថា អ្នកមានលទ្ធភាពទៅព្យាបាលនៅវៀតណាម នៅថៃ នៅសាំងហ្កាពួរ ប៉ុន្តែនៅពេលដែលមន្ទីរពេទ្យ កាល់ម៉ែត នេះ រៀបចំសព្វគ្រប់ទៅជាពហុឯកទេស សម្តេចនឹងបញ្ចប់ការទៅពិនិត្យ និងព្យាបាលខ្លួនឯងនៅខាងក្រៅប្រទេស ព្រោះនៅមន្ទីរពេទ្យកាល់ម៉ែត មានកន្លែងរៀបចំសម្រាប់តាំងពីព្រះមហាក្សត្រ សំរាប់ឥស្សរជននានា ក៏មាននៅមន្ទីរពេទ្យកាល់ម៉ែតដែរ៕