សម្តេចតេជោ ហ៊ុន សែន មានការសោកស្តាយ និងចាត់ទុកជារឿងអកុសលមួយដែលមានមតិ លើកឡើងបញ្ហាកីឡាករ កែវ សុខផេង ថាមានម្តាយជាជនជាតិវៀតណាម នៅពេលកម្ពុជាប្រកួតចាញ់វៀតណាម
(ភ្នំពេញ)៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ថាជារឿងសោកស្តាយ នងជារឿងអកុសលមួយចំពោះការលើកពីបញ្ហា «កែវ សុខផេង មានម្តាយជាជនជាតិវៀតណាម នៅពេលកម្ពុជា ប្រកួតចាញ់វៀតណាម» ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 លើកទី៣០ ។
ការថ្លែងបែបនេះ នៅពេលសម្តេចអញ្ជើញចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ CUS ប្រមាណជិត ៧នាក់នាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូនេះ ដោយសម្តេចបានថ្លែងថា វាជារឿងអកុសលបំផុត ចំពោះការលើកពីបញ្ហា កែវ សុខផេង មានម្តាយជាជនជាតិវៀតណាម នៅពេលកម្ពុជាប្រកួតចាញ់វៀតណាម។ សម្តេចបន្តថា ជាតិសាសន៍ណាក៏ដោយ អត់ត្រូវលាបពណ៌ប្រជាពលរដ្ឋខ្លួនឯងនោះឡើយ។ ការលាបពណ៌នេះ គឺជាវប្បធម៌ដ៏អាក្រក់របស់ក្រុមប្រឆាំងផ្កាប់មុខ។
សម្តេចតេជោបានសរសើរចំពោះទម្រង់លេងបាល់ទាត់របស់កម្ពុជា ជាទម្រង់ដ៏ល្អ សមត្ថភាពកីឡារបស់កម្ពុជានឹងកាន់តែប្រសើរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនាឆ្នាំ២០២១ ហើយសម្តេចបានសង្ឃឹមថា ចលនាកីឡានេះ នឹងក្លាយទៅជាចលនាជាតិមួយដ៏ធំផងដែរ៕