យន្តហោះយោធាឈីលី C-130 ដែលមានផ្ទុកមនុស្ស ៣៨នាក់ ទំនងជាបានធ្លាក់នៅត្រង់ដែន សមុទ្រទឹកកកដែលមានជម្រៅជ្រៅ
(សាន់ត្យាហ្គោ)៖ យោងតាមការចេញផ្សាយដោយវែបសាយ Inverse នាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ខណៈដែលយន្តហោះមិនទាន់ត្រូវបានរកឃើញផងនោះ ក្រុមអ្នកជំនាញខ្លះបានលើកឡើងថា យន្តហោះយោធាឈីលី C-130 ដែលមានផ្ទុកមនុស្ស ៣៨នាក់នៅលើនោះ ទំនងជាបានធ្លាក់នៅត្រង់ដែនសមុទ្រដ៏លំបាកបំផុតមួយលើភពផែនដី នោះគឺសមុទ្រទឹកកកដែលមានជម្រៅជ្រៅ និងអាកាសធាតុអាក្រក់ខ្លាំង។
កងកម្លាំងយោធា និងក្រុមសង្គ្រោះរបស់ឈីលីទាំងផ្លូវទឹក និងផ្លូវអាកាសនៅតែបន្តប្រតិបត្តិការស្វែងរក ដែលមានរយៈពេលមួយថ្ងៃមកហើយ គិតចាប់តាំងពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិកខាងត្បូង) បន្ទាប់ពីយន្តហោះយោធាប្រភេទ C-130 ផ្ទុកសហសេវិក ១៧នាក់ និងអ្នកដំណើរ ២១នាក់ (សរុប ៣៨នាក់) បានចាកចេញពីទីក្រុងផាន់តាអារេណាស់ (Punta Arenas) កាលពីវេលាម៉ោង ៤៖៥៥នាទីល្ងាច និងក្រោយមកតែ ២០នាទីនៃការហោះចេញ វាបានដាច់ការទាក់ទងជាមួយប្រព័ន្ធរ៉ាដានៅវេលាម៉ោង ៦៖១៥នាទីល្ងាចតែម្តង។
អ្នកជំនាញមួយចំនួនបានលើកឡើងថា យន្តហោះខាងលើនេះអាចធ្លាក់នៅលើសមុទ្រទឹកកក ត្រង់ចំណុចច្រកមួយឈ្មោះ ដ្រេក ផាសេច (Drake Passage) ស្ថិតនៅក្នុងដែនសមុទ្រហូសែស (Sea of Hoces)។ តំបន់នេះត្រូវបានគេដឹងកន្លងមកថា ជាទីតាំងប្រកបដោយភូមិសាស្ត្រពិបាក ឬជាបរិស្ថានដ៏ចលាចលមួយនៅលើផែនដី ដែលធ្លាប់មានប្រវត្តិសាស្ត្របង្កគ្រោះមហន្តរាយ ទៅដល់កប៉ាល់ ឬមួយក៏យន្តហោះមួយចំនួនរួចទៅហើយកាលពីអតីតកាល។
គួរបញ្ជាក់ថា ប្រតិបត្តិការសង្គ្រោះរបស់កងកម្លាំងឈីលីនៅតែបន្តដោយសង្ឃឹមថា មនុស្សទាំង ៣៨នាក់នៅមានជីវិត។ យន្តហោះ C-130 ខាងលើនេះត្រូវបានរៀបចំឲ្យធ្វើដំណើរទៅកាន់ ទ្វីបអង់តាក់ទិកនៅប៉ូលខាងត្បូងភពផែនដី ដោយវាគ្រោងនឹងទៅដល់នៅវេលាម៉ោង ៧៖១៧នាទីយប់នៅថ្ងៃកើតហេតុ ប៉ុន្តែបានបាត់ដំណឹងនៅវេលាម៉ោង ៦៖១៥នាទីល្ងាច។ បន្ថែមពីនេះក្នុងចំណោមសហសេវិកទាំង ១៧នាក់នោះគឺមាន ១៥នាក់ជាកងទ័ពអាកាសឈីលី និង ០២នាក់ជាជនស៊ីវិល ដែលត្រូវដឹកនាំបេសកកម្មកសាង និងអភិវឌ្ឍមូលដ្ឋានឈីលីនៅទ្វីបអង់តាក់ទិច ដែលមានឈ្មោះថា «មូលដ្ឋានប្រធានាធិបតី អេឌូអាឌូ ហ្វ្រៃ ម៉ុនតាល់វ៉ា»៕