១១ខែ ឆ្នាំ២០១៩ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបថ្នាំញៀនជាង៤៥៣គីឡូក្រាម និងជនសង្ស័យជាង២ពាន់នាក់
ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបគ្រឿងញៀន១,៦៨៨ករណី ឃាត់ខ្លួនជនសង្ស័យជាង២ពាន់នាក់ ក្នុងនោះមានស្រី២២៤នាក់ និងដកហូតបានថ្នាំញៀនជាង៤៥៣គីឡូក្រាម ក្នុងរយៈពេលជាង១១ខែ ឆ្នាំ២០១៩នេះ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩)។
យោងតាមរបាយការណ៍នេះបានបង្ហាញនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ និងលើកទិសដៅការងារ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ វាយតម្លៃអំពីសភាពការណ៍ បទល្មើសគ្រឿងញៀន នៅបណ្តាប្រទេសក្នុងតំបន់ និងនៅកម្ពុជា។
របាយការណ៍បានឲ្យដឹងយ៉ាងដូច្នេះថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីគ្រឿងញៀន បាន១,៦៨៨ករណី ឃាត់ខ្លួនជនសង្ស័យ២,៧០៨នាក់ (ស្រី២២៤នាក់) និងចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ជាង៤៥៣គីឡូក្រាម។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានលើកឡើង និងសង្កត់ធ្ងន់ថា ក្នុងពេលចុះប្រតិបត្ដិការ ត្រូវប្រកាន់ភ្ជាប់វិន័យកងកម្លាំងនគរបាលជាតិ ក្រមសីលធម៌ អនុវត្តន៍តាមនីតិវិធី និងច្បាប់៕