ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា សម្រេចបានជាង៧% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២
(កំពង់ស្ពឺ)៖ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០១៩នេះ ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជានោះ សម្រេចបានជាង ៧ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿននេះ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕