កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត វាយប្រហារឆ្លើយតបប្រតិកម្មធ្ងន់ៗទៅកាន់កូនស្រីរបស់លោក កឹម សុខា

 

(ភ្នំពេញ)៖ បន្ទាប់ពីកញ្ញា កឹម មនោវិទ្យា ថា ក្រុម សម រង្ស៉ី និយម បាននឹងកំពុងប្រើយុទ្ធនាការលាបពណ៌ ខិតខំប្រឹងយ៉ាងពេញទំហឹង ក្នុងការមួលបង្កាច់លោក កឹម សុខា ថា ជាអាយ៉ងបក្សកាន់អំណាច ដោយភ័យជ្រួលច្របល់ខ្លាច លោក កឹម សុខា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានវាយប្រហារឆ្លើយតបប្រតិកម្មធ្ងន់ៗទៅកាន់កូនស្រីរបស់លោក កឹម សុខា។

អតីតចៅសង្កាត់អូរចាកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានលើកឡើងថាកញ្ញា កឹម មនោវិទ្យា ជាកូនកតញ្ញូរបស់ឪពុករបស់កញ្ញាពិតមែន។ ប៉ុន្តែវាមិនមែនបានន័យថា កញ្ញាជាកូនកតញ្ញូសម្រាប់ពលរដ្ឋ និងជាតិខ្មែរឡើយ។ តែយ៉ាងណា កញ្ញាមិនដែលលើកតម្លៃអតីតសកម្មជនដែលគ្នាខិតខំក្រាញននៀល ពលរដ្ឋដែលគ្នាខិតខំគាំទ្រគណបក្ស និងអ្នកគាំទ្រនៅក្រៅប្រទេសដែលគ្នាខិតខំដើរពីរដ្ឋមួយទៅរដ្ឋមួយទាមទារឲ្យគេដោះលែងឪពុកនាងទាំងដែលភាគច្រើនបំផុតគ្មានរូបនាងចូលរួមផង។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បន្ថែមថា កញ្ញា កឹម មនោវិទ្យា នាងតែងតែនិយាយក្តែងៗថា ប្រជាធិបតេយ្យ ប្រជាធិបតេយ្យ ប្រជាធិបតេយ្យ រាល់ពេលដែលនាងរិះគន់ថ្នាក់ដឹកនាំរបស់ខ្លួន ហើយបែរជានិយាយថាជាការលាបពណ៌នៅពេលដែលអ្នកគាំទ្រសរសេររិះគន់នាង ខ្ញុំមិនដឹងនេះជាការនិយាយស្តង់ដារពីរឬក៏អត់ទេ ប៉ុន្តែខ្ញុំគ្រាន់តែយល់ថា នាងនិយាយក្នុងនាមការពារខ្លួននាងប៉ុណ្ណោះ (រិះគន់គេថាវាជាប្រជាធិបតេយ្យ គេរិះគន់វិញថាវាជាការលាបពណ៌)។

គេធ្លាប់សរសើរនាងនៅពេលនាងត្រូវគេស្គាល់ដំបូង តើនាងមានដឹងទេរឿងហ្នឹង។ ចុះឥឡូវតើនាងមានកត់សម្គាល់ខ្លួនឯងដែរឬទេថា គេចូលចិត្តនាងកម្រិតណា។ ខ្ញុំដឹងថានាងប្រាកដជាដឹង។ ការទទួលបានការគាំទ្រពីអ្នកគាំទ្រដែលជាពលរដ្ឋគឺសំខាន់ខ្លាំងណាស់។ ក្នុងនាមនាងជាអ្នកនយោបាយជំនាន់ក្រោយ នាងគួរតែយល់។នេះជាការបញ្ជាក់របស់កញ្ញារ៉ូហ្សែត​។

អតីតចៅសង្កាត់អូរចា បន្តថា ខ្ញុំដឹងនាងធ្លាប់រស់នៅស្រណុកសុខស្រួល មានឱកាសទទួលបានការសិក្សាខ្ពង់ខ្ពស់ និងមានលក្ខណៈអំណោយផលតាមរយៈកេរ្តិ៍ឈ្មោះឪពុក ធ្វើឲ្យនាងមិនសូវយល់តម្លៃពីភាពលំបាកវេទនា និងការក្រាញននៀលតស៊ូរបស់អ្នកនៅថ្នាក់ក្រោមឡើយ។

កញ្ញាថា និយាយមួយបែបទៀត ទោះជានាងមានការសិក្សាខ្ពស់ ក៏វាមិនបានឆ្លុះបញ្ចាំងពីតម្លៃរបស់នាងដែរ។ ហើយភាពជាអ្នកដឹកនាំទៀតសោត ក៏មិនមែនទទួលបានពីការសិក្សាខ្ពស់អីដែរ។ ភាពជាអ្នកដឹកនាំកើតពីការសន្សំបន្តិចម្តងៗ។ ប៉ុន្តែផ្ទុយទៅវិញ នាងបែរជាធ្វើឲ្យវាបាត់បង់ម្តងបន្តិចៗទៅវិញ។ នេះហើយដែលខ្ញុំនិយាយថា នាងមិនយល់ពីការលំបាកដែលធ្វើឲ្យនាងទទួលបានក៏ងាយ បាត់បង់ក៏ងាយដែរ។ អនាគតរបស់នាងគឺអាស្រ័យលើនាង បើសិនជានាងចង់ឲ្យទទួលបានការគាំទ្រឡើងវិញ នាងគួរតែកែប្រែទៅលើអ្វីដែលគេរិះគន់យកមកគិត ហើយរៀបចំសាជាថ្មី។

សូមរំលឹកផងដែរថា នៅថ្ងៃព្រឹកទី០៤ ខែកញ្ញា ឆ្នាំ២០១៩ កញ្ញា កឹម មនោវិទ្យា​ បានលើកឡើងតាមរយៈ Facebook ផ្លូវការរបស់កញ្ញាថា «យុទ្ធនាការលាបពណ៌ក្រុម លោក សម រង្សី បាននឹងកំពុងខំប្រឹងយ៉ាងពេញទំហឹង ក្នុងការមួលបង្កាច់លោក កឹម សុខា ថាជាអាយ៉ងបក្សកាន់អំណាច ដោយភ័យជ្រួលច្របល់ខ្លាច លោក កឹម សុខា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ ទាំងអស់នេះសុទ្ធតែជានយោបាយដ៏គម្រក់ ដែលត្រូវតែប្តូរឲ្យបានជាដាច់ខាតពីកម្ពុជា។ ក្នុងនាមកូនស្រីឈាមខ្មែរមួយរូប ខ្ញុំនឹងតស៊ូបំបាត់វប្បធម៌នេះឲ្យបានក្នុងរូបភាពណាក៏ដោយ»។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds