កម្ពុជា ត្រៀមដាក់បញ្ចូលតំបន់ការពារធម្មជាតិមួយចំនួន ទៅជាតំបន់បេតិកភណ្ឌអាស៊ាន
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន តាមរយៈនាយកដ្ឋានអភិរក្សដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ជាស្ថាប័នជំនាញ បានយកចិត្តទុកដាក់ខ្ពស់ ដល់កិច្ចការពារធនធានធម្មជាតិ និងបរិស្ថាន តាមរយៈការកំណត់តំបន់សំខាន់ៗមួយចំនួន ទៅជាតំបន់ការពារធម្មជាតិ របៀងអភិរក្សជីវៈចម្រុះ និងតំបន់ដែលមានសារៈសំខាន់ជាអន្តរជាតិ ហើយនាពេលថ្មីៗនេះយើងបានកំពុងដំណើរការដាក់បញ្ចូលតំបន់ការពារធម្មជាតិមួយចំនួន ទៅជាតំបន់បេតិកភ័ណ្ឌអាស៊ានផងដែរ។ នេះបើយោងតាម មន្ត្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថាន។
ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា បានឲ្យដឹងបែបនេះ នៅក្នុងកម្មវិធី «ការផ្សព្វផ្សាយស្តីពីការងារគ្រប់គ្រង និងអភិរក្សសត្វរមាំងនៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម» ដល់កងទ័ពនៅកងពលតូចអន្តរាគមន៍លេខ៥ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។
ឯកឧត្តម ថា តំបន់ ការពារទេសភាពអាងត្រពាំងថ្មដែលមានភូមិសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាប់នឹងខេត្តឧត្តរមានជ័យ ក្នុងការទ្រទ្រង់ដល់ការរស់នៅ និងបន្តពូជរបស់ប្រភេទសត្វព្រៃ សំខាន់ៗជាច្រើនប្រភេទជាពិសេស ប្រភេទសត្វរមាំង ដែលជាប្រភេទថនិកសត្វជិតផុតពូជបំផុតលើពិភពលោក។ ឯកឧត្តមរដ្ឋលេខាធិកា បានបន្តទៀតថា៖ សត្វរមាំងនេះរស់នៅចាប់ពីខែកក្កដា ដល់ខែមករា នៅក្នុងតំបន់ព្រៃកូនខ្លែងជាតំបន់សហគមន៍ព្រៃឈើជាប់នឹងព្រំប្រទល់ខេត្តឧត្តរមានជ័យ និងរស់នៅបន្តពូជនៅក្នុងតំបន់ ការពារទេសភាពអាងត្រពាំងថ្មចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ដែលជាកន្លែងមានប្រភពទឹក ចំណី អាហារ និងទីជម្រកគ្រប់គ្រាន់។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យមានការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសប្រភេទថនិកសត្វជិតផុតពូជនេះ ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សហគមន៍ និងប្រជាពលរដ្ឋ ជាពិសេសចូលរួមទប់ស្កាត់បញ្ហាកំពុងប្រឈមនឹងការគម្រាមកំហែង លើប្រភេទសត្វរមាំង តាមរយៈការប្រមាញ់ ការជួញដូរ ជាពិសេសការលួចទន្ទ្រានកាន់កាប់ដីតំបន់ការពារទីជម្រក និងបន្តពូជដ៏សំខាន់របស់សត្វព្រៃជិតផុតពូជ នៅលើសាកលលោក។
សូមបញ្ជាក់ថា ចំនួនសត្វរមាំងនៅក្នុង និងជុំវិញតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ បានកត់ត្រាមានចំនួន ៧០ក្បាល ឆ្នាំ២០០៣ មកដល់ឆ្នាំ២០១៩នេះ មានត្រឹមតែ១៧ក្បាលប៉ុណ្ណោះ ដែលចំនួននេះជាចំនួនដ៏តិចតួចបំផុត បើប្រៀបធៀបជាមួយនឹងប្រភេទសត្វព្រៃជិតផុតពូជផ្សេងទៀត ហេតុដូចនេះ ចាំបាច់ត្រូវធ្វើការការពារ យ៉ាងមុតមាំទាំងនៅតំបន់ជម្រកបន្តពូជ កន្លែងរកចំណី និងកន្លែងរស់នៅបណ្តោះអាសន្នរបស់វា៕