សម្ដេចតេជោ ហ៊ុន សែន ជំរុញអោយមានទំនាក់ទំនងបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងបណ្ដាប្រទេសនិយាយភាសាបារាំង
(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាពបានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំង។
លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បើឱ្យដឹងថាក្រោយជំនួបនេះថា លោកស្រីបានដំណើរទស្សនកិច្ចចូលរួមក្នុងកិច្ចប្រជុំបណ្តាប្រទេសនិយាយភាសាបារាំងនៅពេលនេះគឺដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងកម្ពុជានិងអង្គការអន្តរជាតិនិយាយភាសាបារាំងឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងថែមទៀត ហើយនិងជំរុញនូវគម្រោងទាំងឡាយឲ្យមានភាពជាក់លាក់ ហើយក៏ស្នើឲ្យកម្ពុជាចូលអនុវត្តគម្រោងដែលមានភាពជាក់លាក់នោះដែលរួមមានទី១)ការលើកស្ទួយការបង្រៀនភាសាបារាំង ទី២)ការលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសនិយាយភាសាបារាំង និងទី៣)គឺដើម្បីរៀបចំនូវខួបទី៥០ឆ្នាំនៃការបង្កើតអង្គការអន្តរជាតិនិយាយភាសាបារាំងនេះឆ្នាំ២០២០ខាងមុខ។
លើសពីនោះទៅទៀត លោកស្រីក៏បានសម្ដែងនូវការអបអរជូនដល់កម្ពុជាយើងបានប្រែក្លាយពីប្រទេសមួយដែលធ្លាប់ទទួលកងទ័ពមួកខៀវពីអង្គការសហប្រជាជាតិ មកជាប្រទេសមួយដែលបញ្ជូនទ័ពទៅជួយក្នុងក្របខណ្ឌក្រោមឆ័ត្រអង្គការសហប្រជាជាតិឡើងវិញ។
ជាមួយនោះដែរ លោកស្រីក៏បានលើកទឹកចិត្តជាថ្មីម្ដងទៀតឲ្យកម្ពុជាយើងចូលរួមកាន់តែខ្លាំងឡើងថែមទៀតក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា កម្ពុជាក្នុងនាមជាស្ថាបនិកមួយនៃការបង្កើតអង្គការអន្តរជាតិនិយាយភាសាបារាំងនេះនឹងបន្តធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌអង្គការនេះ ហើយកម្ពុជាក៏នឹងចូលរួមរៀបចំខួប៥០ ឆ្នាំ របស់អង្គការអន្តរជាតិនិយាយភាសាបារាំងនេះ។ តាមគោលការណ៍ និងតាមការរៀបចំឡើងរបស់អង្គការនេះ នឹងអាចរៀបចំឲ្យនិស្សិតកម្ពុជាដែលរៀនភាសាបារាំងនៅប្រទេសបារាំងរៀបចំសកម្មភាពផ្សេងៗដើម្បីចូលរួមអបអរនៅក្នុងខួប ៥០ឆ្នាំនៃការបង្កើតអង្គការអន្តរជាតិនិយាយភាសាបារាំងនេះដែរ។
សម្ដេចតេជោបានមានប្រសាសន៍លើកឡើងថាចំពោះកិច្ចសហការរវាងបណ្ដាប្រទេសនិយាយភាសាបារាំងនេះ ដែលគប្បីណាពិនិត្យជាក់លាក់លើគម្រោងមួយចំនួនដែលអាចធ្វើទៅបាន។ ទស្សនៈរបស់សម្ដេចតេជោចង់ធ្វើយ៉ាងណាដើម្បីលើកស្ទួយទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិនិយោគរវាងបណ្ដាប្រទេសនិយាយភាសាបារាំង ព្រោះថាទំនាក់ទំនងនយោបាយគឺចាប់ផ្ដើមឡើងពីទំនាក់ទំនងសេដ្ឋកិច្ច៕