សម្ដេចតេជោ ហ៊ុន សែន ស្នើអោយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ជំរុញឲ្យមានការវិនិយោគនៅក្រុងភ្នំពេញទៅលើ ការបង្កើតចំណតរថយន្តក្រោមសួន និងបញ្ហាគ្រប់គ្រងសំរាមក្នុងក្រុង

(ភ្នំពេញ)៖បន្ទាប់ពីបានអញ្ជើញទទួលជួបជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំងរួចហើយនោះ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជា បានទទួលជួបពិភាក្សាការងារជាមួយ
លោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា (Christian Roger Okemba) អភិបាលក្រុងប្រាហ្សាវិល (Brazzaville) ប្រទេសកុងហ្គោ និងជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។

ជាលទ្ធផលក្រោយជំនួប លោក អ៊ាង សុផល្លែតជំនួយការសម្ដេចតេជោបានប្រាប់អ្នកយកព័ត៌មានថា ក្នុងជំនួបនេះ ប្រតិភូអភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានជម្រាបជូនសម្តេចតេជោថា ប្រតិភូរបស់លោកបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ថ្វីត្បិតតែមិនទាន់បានធ្វើទស្សនកិច្ចនៅទូទាំងទីក្រុងភ្នំពេញក៏ដោយ ក៏ប៉ុន្តែអ្វីដែលបណ្ដាអភិបាលក្រុងទាំងអស់ សង្កេតឃើញ និងវាយតម្លៃនោះបានឃើញថា រាជធានីភ្នំពេញគឺជាទីក្រុងមួយដែលមានភាពចំណាស់ ហើយក៏មានភាពធន់និងស្រស់បំព្រងផងដែរ ក្នុងន័យនេះឯកឧត្តមនិងប្រតិភូទាំងមូល នឹងប្រឹងប្រែងធ្វើយ៉ាងណាធ្វើការសង្កេតការណ៍ដើម្បីយកបទពិសោធន៍ទាំងនេះ ទៅអនុវត្តនៅតាមប្រទេសរបស់គាត់ រៀងៗខ្លួនថែមទៀត ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រធានបទនៃការកសាងក្រុងនៃកិច្ចប្រជុំនៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់។ ទីក្រុងភ្នំពេញក៏បានកសាងឡើងជំនាន់បារាំង ហើយក៏បានកសាងឡើងថែមទៀត នៅជំនាន់ ដែលកម្ពុជាទទួលបានឯករាជ្យ ប៉ុន្តែអ្វីដែលជាការសោកស្ដាយនោះ ទីក្រុងភ្នំពេញគឺត្រូវបានបំផ្លាញដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ។នៅពេលដែលសម្ដេចតេជោវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ទីក្រុងទាំងមូល គឺមានប្រជាជនតែ ៧០នាក់តែប៉ុណ្ណោះ ហើយទីក្រុងទាំងមូលពុំមានបញ្ហាប្រឈមច្រើនទេ បញ្ហាប្រឈមនៅពេលនោះគឺពុំមានមនុស្សរស់នៅ ពុំមានចរាចរណ៍ឡានបើកបរ ប៉ុន្តែផ្ទុយទៅវិញនៅពេលនេះរាជធានីភ្នំពេញ គឺជួបប្រឈមនឹងបញ្ហាថ្មីៗជាច្រើន ទី១ គឺបញ្ហាចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ដែលនាំទៅដល់ការស្លាប់ប្រជាជនច្រើន ហើយការធ្វើដំណើរមានការយឺតយ៉ាវ ទី២ គឺបញ្ហាប្រឈមខ្វះចំណតរថយន្ត , ក្នុងន័យនេះ សម្ដេចតេជោ ក៏បានជម្រាបជូន ប្រតិភូទាំងមូលថា សម្ដេច បានណែនាំ ឯកឧត្តមអភិបាល ពិនិត្យនិងធ្វើយ៉ាងណាជំរុញឲ្យមានការវិនិយោគទៅលើ ការបង្កើតចំណតរថយន្តនៅក្រោមសួនច្បារនានា ដើម្បីដោះស្រាយបញ្ហានេះ និងទី៣ គឺបញ្ហាសំរាមដែលកំពុងតែប្រឈម, សម្ដេចមានប្រសាសន៍ថា រាជធានីភ្នំពេញគឺមានសំរាមប្រមាណ៣ពាន់តោនក្នុងមួយថ្ងៃ ហើយបើយើងមិនប្រមូលទាន់ទេ សម្រាមនេះនឹងពូនឡើង ធ្វើឲ្យមានបញ្ហាដល់សោភណភាពផង អនាម័យទីក្រុងផង។

សម្ដេចបានបន្តថា កម្ពុជាដើម្បីដោះស្រាយបញ្ហានេះ កំពុងជំរុញ ឲ្យមានការចូលរួមពីវិស័យផ្សេងៗក៏ដូចជាវិស័យឯកជនដែរ ដើម្បីធ្វើយ៉ាងណាកែប្រែសម្រាមនេះ ឲ្យទៅជាថាមពលអគ្គិសនីយកមកប្រើប្រាស់ឡើងវិញ និងបញ្ហាទី៤បញ្ហាអាសំណល់រាវ , រាជធានីភ្នំពេញ គឺជារាជធានីមួយដែលមានកំពស់ទាប ហើយពីដើមឡើយ សុទ្ធសឹងតែបឹងបួរ ហើយក្នុងន័យនេះ ការបង្ហូរសំណល់រាវ ទៅទន្លេ ទៅបឹងបួរនោះ ពុំទាន់មានការធ្វើ អាងប្រព្រឹត្តិកម្មឬក៏អាងចម្រោះ បានត្រឹមត្រូវនៅឡើយ នេះក៏ជាបញ្ហាប្រឈមដែរ។ សម្ដេចតេជោ មានប្រសាសន៍ថា បញ្ហាទាំងនេះគប្បីណាយកមកពិចារណាដោះស្រាយ មុននឹងជំរុញការអភិវឌ្ឍទីក្រុងថ្មី ។ ជាមួយនឹងបញ្ហាប្រឈមនេះ សម្តេចតេជោ ក៏បានលើកឡើងដែរថា យើងមានបញ្ហាប្រឈមនេះគឺបណ្ដាលមកពីការអភិវឌ្ឍដែលមានភាពជឿនលឿនជាទីបំផុត ហើយការអភិវឌ្ឍនេះសោតទៀតគឺបានមកអំពី កត្តាសុខសន្តិភាព ស្ថេរភាព ដែលកម្ពុជាមាន, ទាំងនោះគឺជាកត្តាទាក់ទាញនៃការវិនិយោគ ហើយការវិនិយោគនេះហើយ ដែលលេចចេញ នូវបញ្ហាប្រឈមថ្មីៗដែលកម្ពុជាកំពុងតែជួបប្រទះ។

ជាទីបញ្ចប់ សម្ដេចតេជោក៏បានផ្ដាំផ្ញើជូនដល់ប្រតិភូទាំងមូល នូវការគោរព និងសួរសុខទុក្ខដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលរបស់ប្រទេសទាំងអស់ដែលបានចូលរួម ហើយបានជូនពរឱ្យកិច្ចប្រជុំ លើប្រធានបទ ការកសាងទីក្រុងដែលជាប្រធានបទដ៏មានសារសំខាន់នេះទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds