កម្ពុជានឹងចុះត្រជាក់ ដល់ ១៦អង្សាសេ ចាប់ពីថ្ងៃទី០៥-០៩ ខែធ្នូ ឆ្នាំ២០១៩
(ភ្នំពេញ)៖ ដោយសារតែឥទ្ធិពបលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង បាន និងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើប្រទេសកម្ពុជាយើង នឹងធ្វើឲ្យបណ្តារាជធានីខេត្តមួយចំនួន ចុះត្រជាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០៥-០៩ ខែធ្នូ ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងនោះ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី នឹងចុះត្រជាក់ជាងគេ ដោយសីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៧ អង្សាសេ។ ចំណែកខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ អង្សាសេ និងសីតុណ្ហភាបអតិបរមា មានពី ២៦-២៨ អង្សាសេ។ រីឯនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៦-២៨ អង្សាសេ។
ដោយឡែក ខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩ អង្សាសេ។
ស្ថានភាពអាកាសធាតុ ដែលនឹងបន្តចុះត្រជាក់នេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសវីរៈកងទ័ព ដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សូមមេត្តាប្រុងប្រយ័ត្ន បង្ការ និងថែរក្សាសុខភាពពីធាតុអាកាសចុះត្រជាក់នេះ៕