ថ្ងៃដំបូងនៃ SEA Games 2019 កម្ពុជាឈ្នះមេដាយសរុបចំនួន៩គ្រឿង ខណៈកីឡាការិនី ស៊ីវន្ដ សូនីតា តវ៉ាឈ្នះម្ចាស់ផ្ទះហ្វីលីពីន មានឱកាសដណ្ដើមបានមេដាយប្រាក់
(ម៉ានីល)៖ នៅក្នុងការប្រកួតផ្លូវការថ្ងៃដំបូង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ៩គ្រឿង រួមមានមេដាយប្រាក់៣ និងសំរិទ្ធ៦ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ពិសេសកីឡាគុនល្បុក្កតោ ដែលចូលរួមប្រកួតកីឡាប្រពៃណីហ្វីលីពីន Arnis ហើយទើបបញ្ចប់ការប្រកួតនៅវេលាម៉ោងជិត១២យប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩។
ការប្រកួតកីឡា Arnis ដែលបានបញ្ចប់នៅយប់មិញនោះ លទ្ធផលគឺកម្ពុជាដណ្ដើមបានមេដាយបន្ថែមហូរហែរលើប្រភេទកីឡាប្រពៃណីហ្វីលីពីននេះ ពិសេសមេដាយប្រាក់ទី៣ របស់កម្ពុជា ដែលដណ្ដើមបានដោយកីឡាការិនី ស៊ីវន្ដ សូនីតា ប្រកួតទម្ងន់ចន្លោះ ៥៥ ទៅ ៦០គីឡូក្រាម តែមុនទទួលបានមេដាយនេះក៏មានការតវ៉ាគ្នាជាមួយក្រុមម្ចាស់ផ្ទះផងដែរ។ កម្ពុជាបានបញ្ជាក់ថា ដំបូងឡើយ សូនីតា បានប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ដោយចប់ការប្រកួតភ្លាមៗ គណៈកម្មការបានផ្ដល់ពិន្ទុឲ្យម្ចាស់ផ្ទះឈ្នះ តែដោយកម្ពុជាមិនសុខចិត្ត ក៏បានដាក់ពាក្យតវ៉ា ព្រោះមើលឃើញ សូនីតា មានប្រៀបជាង។ បន្ទាប់មកគណៈកម្មការបានសម្រេចឲ្យកីឡាការិនីកម្ពុជាឈ្នះវិញ ទើបនាងមានឱកាសឡើងប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដោយប៉ះកីឡាការិនីវៀតណាម តែគួរឲ្យស្ដាយ សូនីតា បានចាញ់ ធ្វើឲ្យនាងទទួលបានត្រឹមមេដាយប្រាក់។
ដូច្នេះ គិតត្រឹមយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះ កម្ពុជាមានអត្តពលិក ២ប្រភេទកីឡា ដែលដណ្ដើមបានមេដាយទាំង ៩គ្រឿងខាងលើ គឺក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោ ដែលចូលរួមប្រកួតកីឡា Arnis ដណ្ដើមបានមេដាយប្រាក់២ និងសំរឹទ្ធ ៦ និងក្រុមកីឡាសីប៉ាក់តាក្រ ដណ្ដើមបានមេដាយប្រាក់១ គ្រឿង លើវិញ្ញាសាសីកន្ដ្រក់ ឬ Hoop ។ ប៉ុន្ដែក្រុមអត្តពលិកកម្ពុជា នៅសល់ប្រភេទកីឡាជាច្រើនទៀត ដើម្បីបន្ដប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ តែព្រឹត្តិការណ៍ប្រចាំតំបន់នេះ នឹងប្រកួតរហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩
ខាងមុខ៕