ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិគ្រោះយោបល់លើសំណើរវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃ០៣ ធ្នូ

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំបន្តដើម្បីពិគ្រោះយោបល់លើសំណើរសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលចេញផ្សាយនៅទី២៨ ខែវិច្ឆិកានេះ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយសំណើរនិងសំណូមពររបស់អង្គការសង្គមស៊ីវិល នឹងបន្តរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរបស់អង្គការសង្គមស៊ីវិល នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០១៩។

ជាមួយគ្នានេះដែរក្រសួងមហាផ្ទៃ សូមអញ្ជើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នេះ តាមកាលបរិច្ឆេទដែលបានកំណត់ នៅទីស្តីការក្រសួងមហាផ្ទៃ។

សូមរំលឹកថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ១៣ខែកក្កដា ឆ្នាំ២០១៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ នាសម័យប្រជុំពេញអង្គលើកទី៣ នីតិកាលទី៣ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេចលេខ ១៥៦/០០៤/២០១៧ កប០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។

សូមជម្រាបថា ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះ មានគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds