នាយកខុទ្ទការល័យលោកកឹម សុខា បដិសេធថា លោកកឹម សុខា និងលោក សម រង្ស៉ី ទូរស័ព្ទសួរសុខទុក្ខគ្នា
បន្ទាប់ពីប្រធានចលនាយុវជននៃចលនាសង្រ្គោះជាតិ មានមូលដ្ឋាននៅទីក្រុងឡូវែល រដ្ឋម៉ាសាចូសេត សហរដ្ឋអាមេរិក ដែលបានសរសេរបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនក្នុងបំណងទុច្ចរិតដោយប្រឌិតព័ត៌មានថា «លោកទាំងពីរបានទូរស័ព្ទសួរសុខទុក្ខគ្នាមនុស្សជំនិតរបស់លោកកឹម សុខា ចេញសេចក្តីបដិសេធ។
នាយកខុទ្ទការល័យលោកកឹម សុខា សរសេរនៅក្នុងហ្វេសបុករបស់ខ្លួននៅព្រឹកនេះថា យើងច្រានចោលយ៉ាងដាច់អហង្ការចំពោះសាររបស់លោក Sok Paul Pen ដែលជាប្រធានចលនាយុវជននៃចលនាសង្រ្គោះជាតិ មានមូលដ្ឋាននៅទីក្រុងឡូវែល (LOWELL) រដ្ឋម៉ាសាចូសេត (Massachusetts) សហរដ្ឋអាមេរិក ដែលបានសរសេរបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនក្នុងបំណងទុច្ចរិតដោយប្រឌិតព័ត៌មានថា «លោកទាំងពីរបានទូរស័ព្ទសួរសុខទុក្ខគ្នា» ដែលបុគ្គលនេះចង់សំដៅដល់ឯកឧត្តម កឹម សុខា និង ឯកឧត្តម សម រង្ស៉ី។
លោក មុត ចន្ថា បន្ថែមថា យើងបដិសេធយ៉ាងដាច់ខាតចំពោះសារដែលឈ្មោះ Sok Paul Pen បានបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅមុននេះបន្តិច។ យើងចាត់ទុកថាទង្វើរបស់លោក Sok Paul Pen មានចេតនាទុច្ចរិតមកលើ ឯកឧត្តម កឹម សុខា ហើយយើងស្នើឲ្យធ្វើការកែតម្រូវជាបន្ទាន់៕