WWF-Cambodia ប្រទះឃើញកូន​ផ្សោតថ្មី​មួយ​ក្បាល​ទៀត​ក្នុង​ខេត្ត​ស្ទឹង​ត្រែង

 

(ស្ទឹងត្រែង)៖ អង្គការ WWF-Cambodia បានប្រទះឃើញកូន​ផ្សោតថ្មី​មួយ​ក្បាល​ទៀត​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។ បើតាម WWF-Cambodia កូនផ្សោតកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញកាលពីថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ​​២០១៩ នៅវេលាម៉ោងប្រមាណជា ៨:៣០ នាទីព្រឹក ស្ថិតក្នុងអន្លង់សត្វផ្សោតត្បូងខ្លា ​ក្នុងភូមិ​កោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្រុមអ្នកស្រាវជ្រាវនៃអង្គការ WWF និង​រដ្ឋ​បាល​ជល​ផល​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង​ បានចុះ​ទៅ​ពិនិត្យអង្កេតកូនផ្សោតដែលទើបកើតថ្មី​ ក្រោយពេលទទួលបានព័ត៌មានពីក្រុមការងារឆ្មាំ ​ទន្លេប្រចាំប៉ុស្តិ៍កោះជ្រឹម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ ​ក្រោយ​ពេល​ចុះ​ពិនិត្យ​ ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ ​ពិត​ជា​បានប្រទះឃើញកូនផ្សោតកើតថ្មីនោះ ​ហើយ​​ក្រុមការងារក៏បានធ្វើការអង្កេត និងថតរូបកូនផ្សោត ​ និងមេរបស់វា។ កូន​ផ្សោតកើត​​ថ្មី​នោះ​ មាន​អាយុ​ប្រហែល​ជា​ប្រាំ​ថ្ងៃ​ ហើយ​នៅ​ក្នុង​ហ្វូង​សត្វ​ផ្សោត​ធំ​ចំនួន​ប្រមាណ​ជាប្រាំ​មួយ​ក្បាល​។

អង្គការ WWF-Cambodia បានឲ្យដឹងថា កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទីដប់ពីរហើយដែលបានកត់ត្រាថា បានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពីខែមករា​ រហូតដល់ខែវិច្ឆិកានេះ ដោយ​ក្នុងនោះកូនផ្សោតចំនួនប្រាំមួយក្បាលត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តស្ទឹងត្រែង និងកូនផ្សោតចំនួនប្រាំមួយក្បាលត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តក្រចេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds