សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យលោក ផែង វណ្ណៈ ពន្យល់អំពី Comment រូប «ចចកថើបគ្នា»
(ភ្នំពេញ)៖ បន្ទាប់ពីលោក ផែង វណ្ណៈ អ្នកលេងបណ្តាញសង្គម Facebook ដាក់ខមិន «ចចកថើបគ្នា» នៅក្នុងខ្លឹមសារដែលសម្តេចបង្ហោះអំពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ប្រមុខរដ្ឋាភិបាលទាមទារឱ្យលោក ផែង វណ្ណៈ ពន្យល់អំពី Comment របស់លោកលើរូប «ចចកថើបគ្នា»។
សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើ Facebook យ៉ាងដូច្នេះថា៖ «សូមលោក ផែង វណ្ណៈ ពន្យល់ខ្ញុំបានទេតើរូបដែលបញ្ជូនមកនេះមានន័យយ៉ាងណាដែរ ? សប្បាយរីករាយដោយឃើញម្តាយខ្ញុំឈឺធ្ងន់ឬស្លាប់ឬចូលរួមកើតទុក្ខ?» សម្តេចតេជោ បានបន្ថែមថា «តើរូបភាពចចកខាំគ្នានេះមានន័យយ៉ាងណា ?»
សូមជំរាបថា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះតាមរយៈហ្វេកប៊ុកផ្លូវការរបស់សម្តេច ដោយជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរឲ្យដឹងអំពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ប៉ុន្តែត្រូវបានលោក ផែង វណ្ណៈបង្ហោះរូបភាពចចកថើបគ្នានៅក្នុងខ្លឹមសារនេះ។ ប៉ុន្តែលោក ផែង វណ្ណៈ បានបកស្រាយថាការខមមិនក្នុងន័យគោរពស្រឡាញ់តែប៉ុណ្ណោះ៕