សម្ដេចតេជោ លុបចោល ដំណេីរអញ្ជេីញទៅចូលរួមប្រជុំកំពូលអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ នៅសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ ដោយសារម្តាយក្មេកដែលជាទី គោរពស្រឡាញ់របស់សម្ដេច កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលុបចោល ដំណេីរអញ្ជេីញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៤-២៧ វិច្ឆិកា ។
សរសេរបង្ហោះនៅបណ្ដាញសង្គម ហ្វេសប៊ុក នារសៀលថ្ងៃទី២៣ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានអោយដឹងថា ៖ ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំកំពុងស្ថិតនៅសង្រ្គោះបន្ទាន់និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលខ្ញុំត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។
ប្រមុខរដ្ឋាភិបាលបន្ថែមថា ដោយបំពេញភារកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ។
ជាមួយគ្នានេះដែរសម្តេចក៏សូមការយោគយល់ពីសំណាក់ បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល និងសំណេះសំណាលជាមួយខ្ញុំនៅល្ងាច ថ្ងៃទី ២៤ វិច្ឆិកា២០១៩។
សុំការយោគយល់សម្រាប់កម្មវិធី ការងារមួយចំនួនផ្សេងទៀតដែលនឹងត្រូវលុបចោល ដើម្បីផ្តល់លទ្ធភាពឱ្យខ្ញុំរួមជាមួយភរិយានិងក្រុមគ្រួសារដើម្បីធ្វើបុណ្យជូនអ្នកមានគុណ ដែលជាការជូនដំណើរចុងក្រោយដែលគ្មានថ្ងៃវិលត្រឡប់ សម្រាប់អ្នកម្តាយជាទីគោរពស្រឡាញ់៕