ព្រឹកថ្ងៃនេះសម្តេចតេជោ អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។
«អគារឥន្ទ្រទេវី» ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់ សង្គមជាតិ។ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអោយដឹងថា «អគារឥន្ទ្រទេវី» ចាប់ផ្តើមបុកគ្រឹះសាងសង់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ អគារនេះមានកម្ពស់បីជាន់ ស្មើនឹង១៨ម៉ែត្រ មានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង១៧ម៉ែត្រ។
លោក សុខ ទូច បានឱ្យដឹងទៀតថា អគារឥន្រ្ទទេវីមានបន្ទាប់ចំនួន២៤ ដែលក្នុងនោះប្រើជាបន្ទប់ការិយាល័យ១ បន្ទប់ប្រជុំខ្នាតតូច១ បន្ទប់ការពារនិក្ខេបបទ១ បន្ទប់សិក្សាចំនួន១៨ បន្ទប់ Lab ចំនួន២ និងសាលសន្និសីទ(សាលសហសិក្សា)១។ បន្ទប់នីមួយៗមានបំពាក់សម្ភារៈសម្រាប់សិក្សារៀនសូត្រ មានជាអាទិ៍ តុសិស្ស តុគ្រូ LCD កង្ហារ ម៉ាស៊ីនត្រជាក់ និង អំពូលម៉ែត្រជាដើម ដោយចំណាយថវិកាអស់ចំនួន ១,៥៤៦,៩៤៤.៣០ដុល្លារ។
បើតាមលោក សុខ ទូច អគារនេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា ពុង ឃាងសែ។
លោក សុខ ទូច បានអះអាងថា ការសាងសង់ «អគារឥន្ទ្រទេវី» មានគោលបំណងសំខាន់ៗចំនួន៣រួមមាន៖ ធ្វើ ជាកន្លែងបណ្តុះបណ្តាល និស្សិតថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់(អនុបណ្ឌិត) លើគ្រប់មុខជំនាញ, ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស និង ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត តាមរយៈការរៀបចំសិក្ខាសាលា សន្និសីទ និង កម្មវិធីតុមូលផ្សេងៗ សម្រាប់បញ្ញវន្ត ធ្វើការវិភាគអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗនេះផងដែរ។ ជារួម អគារនេះនឹងជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិតនិងវិទ្យាសាស្រ្ត សង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបង្ហាញស្នាដៃរបស់ខ្លួនសម្រាប់ការរួមចំណែក ក្នុងការអភិវឌ្ឍ សង្គមជាតិ៕