ដេននី ក្វាន់ ស្កាត់ពីភ្នំពេញដីរាប់រយគីឡូម៉ែត្រ ទៅជួយក្មេងៗនៅរតនគិរី
ភ្នំពេញ ៖ ក្រោយពេលតារាស្រីកំពុងមានមុខជំនួញកាន់ពេញដៃកញ្ញា ដេននី ក្វាន់ សុខចិត្តលះបង់ពេលវេលារកស៊ីផ្ទាល់ខ្លួន ស្កាត់ធ្វើដំណើរពីភ្នំពេញទៅខេត្តរតនគិរីតាមការសន្យា ដើម្បីចែកសម្ភារៈសិក្សាដល់ក្មេងៗនៅទីនោះ កាន់តែធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រសរសើរទឹកចិត្តថែមទៀត។
នេះ ពុំមែនទើបតែជាលើកទីមួយនោះទេ ពោលគឺគិតមកទល់ពេលនេះ មានច្រើនស្ទើររាប់មិនអស់ ដែលសកម្មភាពមនុស្សធម៌ជួយសង្គមដូចជាការចែកអំណោយចាស់ជរា ជនពិកា ក្មេងកំព្រានិងសិស្សសាលានៅតាមសហគមន៍នៃបណ្តាខេត្តនានារបស់កញ្ញាដេននី ក្វាន់ ។តាមរយៈសកម្មភាពនេះហើយ ទើបធ្វើឲ្យទស្សនិកជនរក្សាការគាំទ្រ និងសរសើរពីទឹកចិត្តល្អរបស់នាង។
តារាស្រីកញ្ញា ដេននី ក្វាន់ បានបញ្ជាក់ថា ដូចអ្វីដែលខ្លួនធ្លាប់សន្យាគឺពេលនេះនាងខ្ញុំបានមកដល់ខេត្តរតនគីរីហើយ ហើយក៏មកតាមសន្យាដែលនាងធ្លាប់សន្យាកាលពីថ្ងៃទី០៥ ខែវិច្ឆិកាដែរ។ ពេលនេះនាងបាននាំយកសម្ភារៈសិក្សាចែកជូនប្អូនៗសិស្សានុសិស្ស នៅសាលាបឋមសិក្សា ភូមិម៉ាស់ ស្ថិតនៅឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ដែលជាតំបន់ដាច់ស្រយាល ឆ្ងាយពីខេត្ត។ ពួកគាត់ជាជនជាតិគ្រឹងគួរឲ្យស្រលាញ់ណាស់។
នាងបានចំណាយពេលជិះរថយន្តរាប់រយគីឡូដើម្បីមកជួបពួកគាត់ ពេលនេះបានជួបហើយ គឺមិនធ្វើឲ្យនាងមានការនឿយហត់ទេ គឺនាងរឹតតែសប្បាយចិត្តពេកក្រៃទៅវិញ ដែលបានឃើញស្នាមញញឹមរបស់ប្អូនៗ ដែលស្រលាញ់ការសិក្សា។ ពាក្យចុងក្រោយដែលនាងបានផ្តាំទៅពួកគេគឺខ្វះលុយក្រមួយគ្រា ខ្វះវិជ្ជាក្រមួយជីវិត អ្វីដែលនាងចង់ឃើញគឺប្អូនៗទាំងអស់គ្នាមានចំណេះដឹង។ នេះជាការបញ្ជាក់របស់កញ្ញា ដេននី ក្វាន់។
សម្រាប់ការងារមនុស្សធម៌ជួយសង្គម កញ្ញា ដេននី ក្វាន់ នៅតែប្រគោលជំហរបន្តធ្វើជាបន្តបន្ទាប់ទៀត ព្រោះនេះជាការស្រលាញ់ ហើយពេញចិត្តជួយដល់អ្នកខ្វះខាតឬក្មេងៗកំពុងសិក្សាក្រេបយកចំណេះវិជ្ជា។មិនតែប៉ុណ្ណោះ ដេននី ក្វាន់ ក៏បានប្រកាសថា នៅអំឡុងចុងខែវិច្ឆិកានេះ ខ្លួនមានគម្រោងទៅចែកសម្ភារៈសិក្សាដល់សិស្សប្រមាណជាង៦០០នាក់នៅសាលាមួយកន្លែងនាទឹកដីខេត្តស្វាយរៀងផងដែរ៕