សម្តេច ហ៊ុន សែនសន្និដ្ឋានថា តុលាការ នឹងមិនទម្លាក់បទចោទប្រកាន់ចេញពីលោក កឹម សុខា ទេ
សម្តេចថ្លែងបែបនេះថា៖«គេចោទប្រកានរួចហើយតើ ហើយសមត្ថកិច្ចរបស់តុលាការ មិនដឹងគេ កាត់ [ក្តី] ពេលណាអីពេលណា គេគ្រាន់តែបិទការស៊ើបអង្កេតលើសំណុំរឿងប៉ុណ្ណោះ ដើម្បីបញ្ជូនទៅជម្រះ តែរឿងជម្រះ ជារឿងតុលាការ យើងអត់មានសិទ្ធិទៅជ្រៀតជ្រែកគេទេ»។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទការស៊ើបសួរលើសំណុំរឿងរបស់លោក កឹម សុខា ក្រោយប្រើពេលប្រមាណ២ឆ្នាំក្នុងការស៊ើបសួរ។
ក្រោយបិទការស៊ើបសួរ មានមជ្ឈដ្ឋានខ្លះ ពិសេសក្រុមអ្នកប្រឆាំង រំពឹងថា ចៅក្រមស៊ើបសួរ និងទម្លាក់បទចោទចេញពីលោក កឹម សុខា ដោយមិនបញ្ជូនសំណុំរឿងទៅជំនុំជម្រះឡើយ។ យ៉ាងណាក៏ដោយ មកដល់ពេលណា ចៅក្រមស៊ើបសួរ មិនទាន់ចេញដីកាដំណោះស្រាយនោះទេ ថាត្រូវទម្លាក់បទចោទចេញពីលោក កឹម សុខា ឬក៏ត្រូវបញ្ជូនទៅជំនុំជម្រះ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនក្នុងគេហដ្ឋានរបស់លោក កាលពីថ្ងៃទី២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ក្រោមបទចោទសន្ទិដ្ឋិភាពជាមួយបរទេស ដែលសំដៅថា លោក លួចទៅគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕