អង្គភាព ACU ប្រកាសទទួលយកបណ្តឹងលោក ពេជ្រ ស្រស់ ទៅស្រាវជ្រាវករណីប្តឹងលោក ផែង វណ្ណៈ លើករណីពុករលួយ
ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៩ ម៉ោង 5:38PM
ភ្នំពេញ ៖ បន្ទាប់ពីស្តាប់ស្រាយបំភ្លឺរបស់លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាប្រធានគណបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលយកពាក្យបណ្តឹងរបស់ លោកពេជ្រ ស្រស់ ព្រមទាំងសន្យាបន្តស្រាវជ្រាវលើករណីប្តឹង លោក ផែង វណ្ណៈ។ នេះបើតាមលិខិតរបស់ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
លិខិតរបស់ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ផ្ញើទៅកាន់ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា៖ «តាមស្មារតីអង្គប្រជុំវិភាគពាក្យប្តឹងពេលព្រឹក ថ្ងៃអង្គារ ទី០២ ខែ មេសា ឆ្នាំ២០១៩ ដែលឯកឧត្តម និងសហការី ឯកឧត្តម បានចូលរួមស្តាប់ និងការពារពាក្យប្តឹងរបស់ខ្លួនដែរនោះ អង្គភាពប្រឆាំងអំពើពុករលួយយល់ឃើញថា ឯកឧត្តម មានកង្វល់យ៉ាងខ្លាំងពីភាព តំណាងរបស់លោក ផែង វណ្ណៈ ក្នុងករណីការស្លាប់បាត់បង់ជីវិតរបស់ កញ្ញានិស្សិត ខ្ញុំ រីដា ហើយផលបច្ច័យនៃអំពើនោះ អាចមានអ្វីកើតឡើង ដូចម្តេចខ្លះទៀត ដែលតាម ឯកឧត្តម បានសង្ស័យលើចំណុចខ្លះៗដោយមានមូលដ្ឋានមួយចំនួន។ លើមូលដ្ឋាននេះ ពិតមែនតែ អង្គភាពប្រឆាំងអំពើពុករលួយ មិនមានមូលដ្ឋានសមល្មមឲ្យបើកការស៊ើបអង្កេតលើករណីនេះ ក៏អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចបើកការស្រាវជ្រាវប្រមូលពត៌មានបន្ថែមទៀតសិន មុននឹងបន្តនីតិវិធីបើក ឬមិនបើកការស៊ើបអង្កេត»។
តាមសេចក្តីបំភ្លឺរបស់លោក ពេជ្រ ស្រស់ នៅថ្ងៃនេះ បានឱ្យដឹងថា ករណីលោកប្តឹងលោក ផែង វណ្ណៈ ទៅ ACU គឺជាបណ្តឹងមួយឃ្លាំមើលការអនុវត្តការងាររបស់សមត្ថកិច្ច និងការបំពេញតួនាទីរបស់មន្ត្រីរាជការ ហើយជាការទប់ស្កាត់នូវអំពើពុករលួយជាប្រព័ន្ធផងដែរ។ ក្នុងនាមជាអ្នកតាមដានការ អនុវត្តច្បាប់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របតាមព្រះរាជក្រឹតស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រង់មាត្រា (១០-១៤-១៥) និងជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជា បានឃើញនូវតម្រុយជាក់ស្តែងរបស់ក្រុមបង្កតាមរយៈបុគ្គល ផែង វណ្ណៈ។
សូមបញ្ជាក់ថា លោក ពេជ្រ ស្រស់ បានដាក់បណ្តឹងទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ដោយស្នើឱ្យស៊ើបអង្កេតលើ លោក ផែង វណ្ណៈករណីយកលុយគ្រួសារជនបង្ក៥ពាន់ដុល្លារ ទៅឱ្យគ្រួសារជនរងគ្រោះ ប្រាប់ថាចូលបុណ្យ៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន