អ្នកយាមផ្ទះលោក សម រង្ស៊ី ១០នាក់ត្រូវតុលាការ ដោះលែងពីពន្ធនាគារព្រៃ ស នៅយប់ថ្ងៃព្រហស្បតិ៍នេះ
មន្ត្រីនាំពាក្យតុលាការរាជធានីភ្នំពភ្នំពេញ បានឱ្យដឹងថា អ្អ្នកយាមផ្ទះលោក សម រង្ស៊ី ១០រូប ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំនៅថ្ងៃនេះ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានអោយដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឱ្យដោះលែងមនុស្ស ១០នាក់ ដែលត្រូវបានចាប់ខ្លួនក្រោមការចោទថា បាន«ចូលរួមគំនិតក្បត់»។ លោក អ៊ី រិន្ទ មានប្រសាសន៍ថា៖
«នៅថ្ងៃនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឱ្យដោះលែងឱ្យនៅក្រៅឃុំទៅលើអ្នកដែលបានចូលរួមគំនិតក្បត់ គឺមាន ១០នាក់ រហូតដល់ម៉ោងនេះ គឺយើងបានចេញដីកាទៅហើយ ហើយខាងពន្ធនាគារគេអនុវត្ត»។
តុលាការរាជធានីភ្នំពេញ បានសម្រេចបែបនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាឱ្យមានការដោះលែងមនុស្សទាំងឡាយដែលត្រូវបានចាប់ខ្លួនក្រោមការចោទថា បានជាប់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់របស់អតីតមេបក្សប្រឆាំង។
ក្រៅពីបញ្ជាឱ្យដោះលែងអ្នកគាំទ្រអតីតបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនហើយនោះ លោក ហ៊ុន សែន ក៏បានបញ្ជាទៅសមត្ថកិច្ចទូទាំងប្រទេសកុំឱ្យចាប់ខ្លួនសកម្មជន ឬអ្នកគាំទ្រអតីតបក្សប្រឆាំង ហើយបើកឱ្យពួកគេវិលត្រឡប់ពីការគេចខ្លួននៅក្រៅប្រទេស ចូលស្រុកវិញដោយគ្មានទុក្ខទោសអ្វីនោះឡើយ៕