លោក ជិន ម៉ាលីន ឆ្លើយតបទៅលោកស្រី Rhona Smith និងអង្គទូតនានា អំពីករណី លោក កឹម សុខា

 

(ភ្នំពេញ)៖ ឆ្លើយតបចំពោះក្តីបារម្ភ និងសំណូមពររបស់ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងអង្គទូតមួយចំនួននៅកម្ពុជា លើករណីសំណុំរឿង លោក កឹម សុខា ឯកឧត្តម ជិន ម៉ាលីន អ្នកពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ជូនដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិ ចំនួន ៤ចំណុច។

នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook លោក ជិន ម៉ាលីន បានបង្ហោះសារឆ្លើយតបនេះ ដោយមានខ្លឹមសារថា៖

ទី១. ការបង្ហាញនូវក្តីបារម្ភក៏ដូចជាសំណូមពររបស់អ្នកស្រី Rhona Smith និងអង្គទូតមួយចំនួននៅកម្ពុជា គឺជាសិទ្ធិសេរីភាពក្នុងការសំដែងមតិនិងការយល់ឃើញផ្ទាល់ខ្លួនរបស់ពួកគាត់ តែអ្វីៗត្រូវអនុលោមតាមបញ្ញត្តិច្បាប់ជាតិរបស់កម្ពុជាដែលមានជាធរមាន ជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ដែលត្រូវបានហាមប្រាមដោយច្បាប់អន្តរជាតិ រួមមានធម្មនុញ្ញអង្គការសហប្រជាជាតិ និងបញ្ញត្តិច្បាប់អន្តរជាតិផ្សេងៗទៀតស្តីពីទំនាក់ទំនងការទូត និងនីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិ។

ទី២. ផ្អែកលើបញ្ញត្តិច្បាប់ជាតិរបស់កម្ពុជាដែលមានជាធរមាន ស្ថានភាពលោក កឹម សុខា បច្ចុប្បន្ននេះ មិនដូចស្ថានភាពរបស់ពលរដ្ឋនិងអ្នកនយោបាយទូទៅនោះទេ ព្រោះគាត់កំពុងជាប់ពិរុទ្ធនិងបទចោទ និងស្ថិតក្នុងដំណាក់កាលនីតិវិធីនៃការស៊ើបសួររបស់តុលាការ ហើយត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលក្នុងដំណាក់កាលនេះ ច្បាប់អនុញ្ញាតឱ្យតុលាការអាចធ្វើការកម្រឹតនូវសិទ្ធិសេរីភាពមួយចំនួន រួមទាំងសិទ្ធិនយោបាយផងដែរ ដើម្បីជាប្រយោជន៍នៃការស៊ើបសួរ។

ទី៣. ក្នុងដំណាក់កាលនីតិវិធីនៃការស៊ើបសួរ និងរបបនៃការដាក់ឱ្យនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ ច្បាប់មិនបានកំណត់អំពីរយៈពេលអតិបរិមាឡើយ ពោលគឺអាស្រ័យលើចៅក្រមស៊ើបសួរជាអ្នកកំណត់ដោយផ្អែលលើលទ្ធផលនៃការស៊ើបអង្កេត។

ទី៤. ផ្អែកលើបញ្ញត្តិនីតិវិធីច្បាប់ជាតិរបស់កម្ពុជាដែលមានជាធរមាន ការសម្រេចទម្លាក់ចោលបទចោទឬមិនទម្លាក់ ជាសិទ្ធិរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ហើយត្រូវធ្វើឡើងដោយផ្អែកលើមូលដ្ឋានច្បាប់និងលទ្ធផលនៃការស៊ើបអង្កេត ដោយមិនត្រូវទទួលរងសម្ពាធនិងការបង្គាប់បញ្ជារបស់ភាគីណាមួយឡើយ រួមទាំងស្ថាប័នអន្តរជាតិ និងអង្គទូតផងដែរ។

លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចដោះលែងដោយដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ដោយភ្ជាប់ជាមួយលក្ខខណ្ឌចំនួន ៣ចំណុចរួមមាន៖(១) មិនត្រូវចេញពីព្រំដែននៃព្រះរាជាណាចក្រកម្ពុជា, (២) មិនត្រូវធ្វើសកម្មភាពនយោបាយ និង(៣) ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds