មេប៉ូលីសក្រុង កម្លាំងចម្រុះ ត្រៀមខ្លួនរួចជាស្រេច ក្នុងការពារសន្តិសុខជូនថ្នាក់ដឹកនាំ នឹងពលរដ្ឋ នាថ្ងៃអ៊ុំទូក
អគ្គស្នងការរងនគរបាលជាតិ នឹងជាស្នងការក្រុងភ្នំពេញ នាយឧត្តសេនីយ៍ ស ថេត ថា កម្លាំងចម្រុះគ្រប់ប្រភេទត្រៀមខ្លួនរួចជាស្រេច ដេីម្បីផ្តល់ភាពកក់ក្តៅ ការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ នៅថ្ងៃបុណ្យអ៊ុំទូក។
តាមរយៈហ្វេសបុកនាយឧត្តសេនីយ៍ ស ថេត ថា នៅព្រឹកនេះបានអោយដឹងថា កម្លាំងចម្រុះគ្រប់ប្រភេទនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងកម្លាំងនៃគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច ដេីម្បីផ្តល់ភាពកក់ក្តៅ ការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺផ្តល់ភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់ទិសទី ដែលនឹងអញ្ជេីញមកចូលរួមកំសាន្តក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០-១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ ។
បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងដាក់កងកម្លាំងជាងពីរម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩៕