១០ខែឆ្នាំ២០១៩ រដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភជាង ២៥ ពាន់លានរៀល ដល់កម្មការិនី សម្រាលកូន
(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ចំពោះជីវៈភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលបម្រើការងារក្នុងវិស័យឯកជនទាំងក្នុង និងក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលជូនដល់បងប្អូនកម្មការិនីជាស្ត្រីសម្រាលកូន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ជាសេនាធិការ និងមានតួនាទីក្នុងការបំពេញកិច្ចការមួយនេះ ។
គិតត្រឹម ១០ខែប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩ នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មការិនីជាសមាជិក ប.ស.ស. ដែលសម្រាលកូនមានចំនួន ៦២ ៤៦៤នាក់ (ក្នុងនោះស្ត្រីកូនភ្លោះពីរចំនួន ៤០៨នាក់ និងស្ត្រីកូនភ្លោះបីចំនួន ០៥នាក់) និងមានចំនួនកូនសរុប ៦២ ៨៨០នាក់ ដោយចំណាយថវិកាសរុប ប្រមាណជាង ២៥ ពាន់លានរៀល។
គួរំលឹកផងដែរថា ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលនេះ គឺត្រូវអនុវត្តតាំងតែពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកម្លេះ ដែលក្នុងនោះសំរាប់ស្ត្រីដែលសម្រាលបាន សម្រាលកូនមួយ ទទួលបាន ៤០ម៉ឺនរៀល,សម្រាលកូនភ្លោះ (ពីរនាក់) ទទួលបាន ៨០ម៉ឺនរៀល,សម្រាលកូនភ្លោះ (បីនាក់) ទទួលបាន ១២០ម៉ឺនរៀល ហើយអ្វីដែលត្រេកអរបំផុតនោះ គឺកូនភ្លោះ ៣នាក់ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលបន្ថែមទៀតពី សម្តេចតេជោ ផ្ទាល់ផងដែរ៕