លោក ពេជ្រ ស្រស់ អំពាវនាវដល់បងប្អូនគ្រប់និន្នាការនយោបាយ មេត្តារក្សាភាពស្ងៀមស្ងាត់ និង កុំបង្កចលនា
ស្របពេលដែលលោក សម រង្ស៊ី កៀកថ្ងៃវិលមកមាតុភូមិវិញ ប្រធានគពណបក្សយុវជនកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិនៅគ្រប់និន្នាការនយោបាយទាំងអស់ សុំមេត្តារក្សាភាពស្ងៀមស្ងាត់ និង កុំបង្កចលនាណាមួយ។
តាមរយៈទំប័រហ្វេសបុករបស់លោក ពេជ្រ ស្រស់ នៅរសៀលថ្ងៃទី៦ វិច្ឆិកា បានអោយដឹងថា ក្នុងនាមខ្ញុំបាទជាប្រធានគណបក្សយុវជនកម្ពុជា ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិនៅគ្រប់និន្នាការនយោបាយទាំងអស់ សុំមេត្តារក្សាភាពស្ងៀមស្ងាត់ និង កុំបង្កចលនាណាមួយដែលជាហេតុធ្វើឲ្យប្រទេសកម្ពុជាជួបនូវវិបត្តិអសន្តិសុខ ហើយឈានទៅរកការកើតសង្គ្រាមផ្ទៃក្នុងនៅប្រទេសកម្ពុជារបស់ពួកយើង។
លោកបន្ថែមថា ដើម្បីរុញឲ្យប្រទេសកម្ពុជាកាន់តែរីកចម្រើន និងអភិវឌ្ឍន៍គ្រប់វិស័យសូមបងប្អូនជនរួមជាតិគ្រប់និន្នាការនយោបាយទាំងអស់មេត្តាអត់ធ្មត់និងចូលរួមកសាងប្រទេសជាតិយើងតាមស្មារតីរួបរួមជាតិ និងតាមលទ្ធភាព
ដែលបងប្អូនអាចធ្វើបាន ហើយការធ្វើនយោបាយដោយហិង្សាគឺមិនមែនជាផ្លូវមួយធ្វើឲ្យប្រទេសកម្ពុជាជួបនូវ
សេចក្តីសុខសាន្តទេ ហើយមានតែផ្លូវធ្វើនយោបាយដោយអហិង្សាតែមួយមុខគត់ ដែលអាចធ្វើឲ្យប្រជានុរាស្រ្ដ
ខ្មែរនិងប្រទេសកម្ពុជាជួបនូវសេចក្តីសុខជានិច្ចនិរន្តរ៍រហូត៕