លោក ពេជ្រ ស្រស់ ៖ អត់ខ្វល់នរណាមកឬមិនមកថ្ងៃ៩ វិច្ឆិកា សំខាន់ចូលរួមជាមួយព្រះ​ម​ហា​ក្សត្រខ្មែរដើម្បីរំលឹកខួបទី៦៦

 

ស្របពេលដែលកាលកំណត់របស់លោក សម រង្ស៊ី នៃការវិលត្រលបមកវិញមកកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកា ប្រធានបក្សយុវជនកម្ពុជា ថា អត់ខ្វល់ទេនរណាមកឬមិនមកនៅក្នុងថ្ងៃទី៩ វិច្ឆិកា ២០១៩ តែខ្ញុំចូលរួមជាមួយព្រះ​ម​ហា​ក្សត្រខ្មែរយើង ដើម្បីរំលឹកខួបទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ។

លោក ពេជ្រ ស្រស់ បានអោយដឹងតាមទំព័រហ្វេសបុកនៅព្រឹកនេះថា ខ្ញុំអត់ខ្វល់ទេនរណាមកឬមិនមកនៅក្នុងថ្ងៃទី៩ វិច្ឆិកា ២០១៩ ខាងមុខនេះ ហើយអ្វីដែលសំខាន់ គឺខ្ញុំចូលរួមជាមួយព្រះ​ម​ហា​ក្សត្រខ្មែរយើង ដើម្បីរំលឹកខួបទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នឹងបើសិនជាមានក្រុមណា​មួយ​ចង់អុកឡុកក្នុងថ្ងៃបុណ្យឯករាជ្យជាតិនេះ ហើយរដ្ឋាភិបាលបង្រ្កាបមិនបាន គឺ ជាចំណុចអសមត្ថភាពនៃរដ្ឋាភិបាលមិន​មែនពួកក្រុមអុកឡុកទាំងអស់នោះខ្លាំងទេ ដោយសារថ្ងៃបុណ្យជាតិមិនមែនបុណ្យសម្រាប់បក្សណាមួយឡើយ គឺ ជាពិធីបុណ្យសម្រាប់ជាតិខ្មែរមួយទាំងមូល។

លោកបន្ថែមថា ក្នុងន័យនេះដែរគឺរដ្ឋាភិបាលត្រូវតែការពារព្រះមហាក្សត្រ ការពារពិធីបុណ្យជាតិ ជាពិសេសការពារក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បីឲ្យមានសុខសុវត្ថិភាពនឹងបង្ហាញដល់ពួកអមិត្តថា កម្ពុជាមានឯករាជ្យត្រឹមត្រូវកុំចង់មកត្រួតត្រាទៀត។

សូមបញ្ជាក់ថា លោក សម រង្ស៉ី និងបក្ខពួក បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារនេះ លោក សម រង្ស៉ី បានប្រកាសរៀបចំថវិកាសម្រាប់ឧបត្ថម្ភដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថា ជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។

ទោះបីជាយ៉ាងនេះក្តី រយៈពេល២ខែមកនេះ មានសមាជិកក្រុមឧទ្ទាមមិនតិចជាង២៥០នាក់ទេ បានចូលសារភាព ហើយលាតត្រដាងប្រាប់សមត្ថកិច្ចអំពីផែនការក្បត់របស់ លោក សម រង្ស៉ី ដើម្បីបានរួចផុតពីទោស។ ពួកគេបានបញ្ជាក់ថា សកម្មភាពរបស់ លោក សម រង្ស៉ី ពេលនេះមិនមែនជាការធ្វើនយោបាយតាមបែបប្រជាធិបតេយ្យទេ ប៉ុន្តែជាការដណ្តើមអំណាចតាមរយៈរដ្ឋប្រហារខុសច្បាប់៕

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open