លោក ឌិន សុមេធារិទ្ធ ៖ ភាពស្រស់បំព្រងនៃផ្កាត្រកួននៅតាមវាលស្រែ បានអន្ទងចិត្តឱ្យលោកបង្កើតរមណីយដ្ឋានភូមិផ្កាត្រកួន
(កណ្ដាល)៖ «ភូមិផ្កាត្រកួន» ជាឈ្មោះរមណីយដ្ឋានទេសចរណ៍ថ្មីមួយស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស ឬស្ពានច្បារអំពៅ បើធ្វើដំណើរវិញគឺចំណាយពេលតែប្រមាណ ៤០នាទីប៉ុណ្ណោះ ហើយវាពិតជាពិសេសបំផុតសម្រាប់ភ្ញៀវទេសចរទៅពីរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងទីប្រជុំជននានា។
ម្ចាស់រមណីយដ្ឋានភូមិផ្កាត្រកួន លោក ឌិន សុមេធារិទ្ធ បានឱ្យដឹងថា ភាពស្រស់បំព្រងល្អគាប់ភ្នែកនៃផ្កាត្រកួនដែលរីកស្គុះស្គាយនៅតាមវាលស្រែ បានអន្ទងចិត្តឱ្យលោកចង់បង្កើតរមណីយដ្ឋានទេសចរណ៍នេះឡើង។ លោកថា ទីតាំងនេះក៏នៅមិនឆ្ងាយពីរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងទីប្រជុំជននានាប៉ុន្មានដែរ ដែលអាចឱ្យភ្ញៀវទេសចរធ្វើដំណើរទៅលេងកម្សាន្តបានឆាប់រហ័សជាកន្លែងផ្សេងទៀត។
ក្រោយខិតខំបង្កើតរមណីយដ្ឋានភូមិផ្កាត្រកួន បានប្រមាណជាងមួយឆ្នាំមកនេះ លោក ឌិន សុមេធារិទ្ធ បានខិតខំរៀបចំឱ្យមានផលិតទេសចរណ៍ និងកម្សាន្តយ៉ាងច្រើនសម្បូរបែប ដើម្បីបម្រើដលសេចក្ដីត្រូវការរបស់ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តនៅទីនោះ។
លោក ឌិន សុមេធារិទ្ធ ថាចក្ខុវិស័យទៅពេលខាងមុខ នឹងដាំដើមឈើ និងផ្កាចម្រុះពូជប្រភេទនៅក្នុងរមណីយដ្ឋានភូមិផ្កាត្រកួនរបស់លោក ដើម្បីរួមចំណែកការពារបរិស្ថាន អប់រំមនុស្សជំនាន់ក្រោយឱ្យស្គាល់ពីប្រភេទឈើទាំងនោះ ពិសេសដើម្បីបំផុសស្មារតីស្រលាញ់ធម្មជាតិ ការពារព្រៃឈើ និងបង្កើនការដាំដើមឈើឡើងវិញផងដែរ។
ម្ចាស់រមណីយដ្ឋានភូមិផ្កាត្រកួនរូបនេះ បានលើកឡើងទៀតថា ជាទូទៅ ផ្កាត្រកួនរាយមន្តសម្រស់នៅពេលអរុណោទ័យ បង្ហើរក្លិនពិដោគន្ធាទាក់ទាញអស់អារម្មណ៍ភ្ញៀវទេសចរ ហើយលោកបានណែនាំដល់ភ្ញៀវទេសចរគួរតែទៅទស្សនាកម្សាន្តនៅរមណីយដ្ឋានភូមិផ្កាត្រកួននេះ ដើម្បីទទួលបានបទពិសោធន៍សប្បាយរីករាយថ្មីៗបន្ថែមទៀត៕