សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើសន្ធិសបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែន ត្រូវរដ្ឋសភា អនុម័តទាំងស្រុងនៅព្រឹកនេះ
(ភ្នំពេញ)៖ ដូចការគ្រោងទុកសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរជឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានរដ្ឋសភាអនុម័តគាំទ្រទាំងស្រុង នៅក្នុងសម័យប្រជុំ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ គាំទ្រដោយសំឡេងសមាជិកសភា១១០រូប ដែលចូលរួមកិច្ចប្រជុំសភាពេញអង្គនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។
តាមសេចក្តីថ្លែងហេតុ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាលើសន្ធិសញ្ញា បំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥។ ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាបំពេញបន្ថែមខាងលើប្រទេសទាំងពីរ កម្ពុជា និងវៀតណាម បានដំណើរការចុះបោះបង្គោល និងខណ្ឌសីមាព្រំដែនគោក នៅលើដីជាក់ស្តែងពីខេត្តរតនគិរី ដល់ខេត្តកំពត ចាប់ពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១៩ សម្រេចបានលទ្ធផល៨៤% នៃបង្គោលព្រំដែនធំដែលមានចំនួន ៣៧៥ បង្គោល លើដីជាក់ស្តែងដែលបានបោះនៅតាមបណ្តោយខ្សែព្រំដែនរួមរវាងប្រទេសទាំងពីរ ដែលមានប្រវែងប្រមាណជាង១២៧០ គីឡូម៉ែត្រ។
ក្រៅពីសមិទ្ធផលដែលសម្រេចបាននៅលើដីជាក់ស្តែងខាងលើ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ បានបញ្ចប់សេចក្តីព្រាងសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ តទៅហៅថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ហើយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ នៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ។
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ មានគោលបំណង និងផលប្រយោជន៍ គឺដើម្បីរក្សាការគ្រប់គ្រងដដែលលើដីធ្លី ស្រែចម្ការរបស់ប្រជាពលរដ្ឋដែលបាន និងកំពុងរស់នៅ ដាំដុះបង្កបង្កើនផល ក្នុងគោលដៅធានាបានស្ថិរភាព របស់ប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរនិងដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីជម្នះធ្វើបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឱ្យបានឆាប់រវាងប្រទេសទាំងពីរ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជានិងវៀតណាមបានឯកភាពកែសម្រួលខ្សែព្រំដែនពីផែនទីបោនខ្នាត ១/១០០ ០០០ បោះពុម្ភដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន មកតាមការគ្រប់គ្រងកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាងខ្សែព្រំដែន ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពសុខសាន្តដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឱ្យបន្តគ្រប់គ្រងលើដីធ្លី ស្រែចំការដែលបាននិងកំពុងអាស្រ័យផលទាំងនោះជាបន្តទៀត។
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ ត្រូវបានរៀបចំធ្វើឡើងជាទ្វេភាគី តាមរយៈកិច្ចប្រជុំពិភាក្សាប្តូរវេនចំនួន៥ដង តាមរយៈការផ្លាស់ប្តូរឯកសារតាមកំណត់ទូតចំនួន៤ដង និងតាមរយៈលិខិតឆ្លើយឆ្លងបញ្ជាក់ពីជំហររបស់ភាគីនីមួយៗនូវចំណុចមិនឯកភាពគ្នាចំនួន៣ដង។ ក្រៅពីការតាក់តែងរួមគ្នា ភាគីទាំងពីរក៏បានសិក្សានិងដកពិសោធន៍ពីសន្ធិសញ្ញាព្រំដែនដែលវៀតណាមបានធ្វើជាមួយចិននិងឡាវផងដែរ។
កម្ពុជា-វៀតណាម កាលពីដើមខែតុលា ឆ្នាំ២០១៩ បានចុះកិច្ចព្រមព្រៀងចំនួន២ រួមមាន (១)៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង (២)៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ១៣កើតខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីបញ្ជូនទៅសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិដែលរួមមាន ៣មាត្រា៕