GMAC បានជំរុញឲ្យសមាជិកទាំងអស់ចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានជំរុញឲ្យសមាជិកទាំង អស់ចាប់ផ្តើមចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX) ដើម្បីចៀសវាងផលវិបាកណា មួយដែលអាចកើតឡើងនាពេលខាងមុខ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ GMAC ។
GMAC បានឲ្យដឹងថា សហភាពអឺរ៉ុបបានដាក់ចេញនូវប្រព័ន្ធចុះបញ្ជី អ្នកនាំចេញ (REX) ដែលអ្នកនាំចេញទៅសហភាពអឺរ៉ុបអាចធ្វើការប្រកាសដោយខ្លួនឯងអំពី ប្រភពដើមនៃផលិតផលនាំចេញរបស់ពួកគេ (ការប្រកាសប្រភពដើម) នៅលើឯកសារ ពាណិជ្ជកម្មរបស់ពួកគេ ដោយមិនប្រើវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ដែលចេញ ដោយក្រសួងពាណិជ្ជកម្ម ។
បើតាម GMAC អស់រយៈពេលប្រហែលមួយឆ្នាំហើយ ដែលក្រសួងពាណិជ្ជកម្ម និង GMAC បានព្យាយាមអស់ពីសមត្ថភាព ក្នុងការផ្សព្វផ្សាយព័ត៌មាននេះទៅដល់សមាជិកទាំងអស់ ។ ជាអកុសល បើប្រៀបធៀបទៅនឹងចំនួនសរុបនៃរោងចក្រទាំងអស់ រោងចក្រមិនច្រើនទេ ដែលបានចុះឈ្មោះក្នុងប្រព័ន្ធនេះ។
សមាគម GMAC បានឲ្យដឹងទៀតថា នៅត្រឹមដំណាច់ឆ្នាំ ២០១៩ នេះ ដែលជាការបរិច្ឆេទ ផុតកំណត់ រោងចក្រណាដែលខកខានមិនបានចុះឈ្មោះនៅក្នុងប្រព័ន្ធ REX នេះនឹងត្រូវ បង់ពន្ធនាំចូលទៅសហភាពអឺរ៉ុប សម្រាប់ការនាំចេញរបស់ពួកគេ ៕