លោក សាម អ៉ីន ប្រទេសជាតិនឹងកើតមានមហន្តរាយជាថ្មី បើអំណាចធ្លាក់ទៅលោក សម រង្ស៉ី
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់បក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៉ីន បានមើលឃើញថា ប្រទេសជាតិនឹងកើតមានមហន្តរាយជាថ្មី បើសិនជាអំណាចធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់លោក សម រង្ស៉ី។
សរសេរនៅក្នុងហ្វេសបុក Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លោក សាម អ៉ីន បានអោយដឹងថា «តាមការស្វែងយល់អំពីប្រវត្តិសាស្រ្តនៅប្រទេសដទៃ និងស្រុកខ្មែរ ខ្ញុំយល់ថា ប្រសិនបើអំណាចធ្លាក់ក្នុងដៃលោក សម រង្ស៉ី មហន្តរាយកម្រិតជាតិ នឹងកើតឡើងជាថ្មីនៅកម្ពុជា»។
នយោបាយស្អប់ខ្ពើម គុំគួន សងសឹក រើសអើងជាតិសាសន៍ និងប្រជាភិថុតរបស់លោក សម រង្ស៉ី នឹងរុញឱ្យមានវិនាសកម្មជាថ្មីនៅកម្ពុជា។ នេះជាការបញ្ជាក់របស់លោក សាម អ៉ីន ។
លោកបានបន្តថា ហានិភ័យនេះនៅតែមានទៅអនាគត នៅពេលអយុត្តិធម៌សង្គមមានកាន់តែច្រើន អំពើពុករលួយរីកដាលកាន់តែធំ និងជាពិសេសពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមកដល់។ ពេលរឿងទាំងនេះកើតឡើង ជារឿងងាយស្រួលណាស់ក្នុងការបណ្តុះកំហឹងមហាជន។
សូមបញ្ជាក់ថា មិនត្រឹមតែលោក សាម អ៉ីន អ្នកនយោបាយពន្លឹកថ្មីនោះទេ ដែលមើលឃើញថា មហន្តរាយសម្រាប់ជាតិ នឹងកើតមានពេលលោក សម រង្ស៉ី បានក្តាប់អំណាចនោះ។ មានអ្នកនយោបាយ បញ្ញាជន និងអ្នកតាមដានស្ថានការនយោបាយជាច្រើន សុទ្ធតែបានមើលឃើញថា ជាតិនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ បើលោក សម រង្ស៉ី បានកាន់អំណាច ជាពិសេសការអនុវត្តន៍នយោបាយសងសឹកគំនុំផ្ទាល់ខ្លួន៕