លោក ប៉ា ងួនទៀង មិនគាំទ្រលោក សម រង្សុី ដែលលាបពណ៌វិទ្យុបារាំងអន្តរជាតិ (RFI)

ភ្នំពេញ៖ បន្ទាប់ពីអតីតប្រធាន​ស្តីទីគណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៉ី បានរិះគន់ទៅលើវិទ្យុបារាំងអន្ដរជាតិ (RFI) ផ្នែកភាសាខ្មែរ ថា វិទ្យុមួយនេះ មានភាពលំអៀងមកលើរាជរដ្ឋាភិបាលកម្ពុជា ប្រធានមជ្ឈមណ្ឌល CCIM លោក ប៉ា ងួនទៀង ដែលជាអ្នកគាំទ្រលោក កឹម សុខា បានប្រកាសមិនគាំទ្រឡើយ។

ប្រធានមជ្ឈមណ្ឌល CCIM  បានលើកឡើងក្នុងហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ថា “ខ្ញុំក៏មិនគាំទ្រលោក សម រង្សុី ដែលលាបពណ៌ស្ថាប័នវិទ្យុបារាំងអន្តរជាតិ (RFI) ដែរ។ ជាគោលការណ៍ គេគួរតែបែងចែកឲ្យដាច់ រវាងកំហឹងជាមួយបុគ្គល និង ស្ថាបន័”។

លោក ប៉ា ងួនទៀង បានបន្ថែមថា សង្គមខ្មែរនឹងបន្តជំលោះរ៉ាំរ៉ៃ ប្រសិនបើមិនហ៊ានការពារគោលការណ៍ ដោយសារតែខ្លាចប៉ះគ្នាឯង។

លោក សម រង្ស៊ី លើកឡើងក្នុងហ្វេសប៊ុកថា បទសម្ភាសន៍ រវាងលោកកាលពីថ្ងៃ៣០ តុលា ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) ពីទីក្រុងប៉ារីសនោះ គឺនាយកដ្ឋាន វិទ្យុ RFI ជាភាសាខ្មែរ ស្ថិតក្រោមការគ្រប់គ្រងរបស់បុគ្គលមួយក្តាប់តូច ដែលបម្រើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដោយបិទមុខ។

កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វិទ្យុបារាំងអន្ដរជាតិ(RFI) ផ្នែកភាសាខ្មែរ តំណាងដោយលោក គួច គន្ធារ៉ា បានធ្វើបទសម្ភាសន៍ជាមួយលោក សម រង្ស៉ី អំពីជំហររបស់លោក សម រង្ស៉ី ក្នុងការធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ នៅថ្ងៃ ០៩​ វិច្ឆិកា​ ២០១៩​ ដែលជាខួបទី៦៦ នៃទិវាឯករាជ្យ​ជាតិ​ ដែលកម្ពុជាដណ្តេីមបានពីអាណានិគមនិយមបារាំង ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open