ប្រធានគ្រប់គ្រងRFI ផ្នែកភាសាខ្មែរ នេះក៏មិនមែនជាលើកទី១ ដែលលោក សម រង្ស៉ី ចោទប្រកាន់ RFI
ភ្នំពេញ៖ បន្ទាប់ពីអតីតប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក សម រង្ស៉ី បានរិះគន់ទៅលើវិទ្យុបារាំងអន្ដរជាតិ (RFI) ផ្នែកភាសាខ្មែរ ថា វិទ្យុមួយនេះ មានភាពលំអៀងមកលើរាជរដ្ឋាភិបាលកម្ពុជា។ ប្រធានគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ (RFI) ផ្នែកភាសាខ្មែរ មិនមានបំណងប្រតិកម្មឆ្លើយតបភ្លាមៗទេ នៅថ្ងៃពុធនេះ ដែលនេះក៏មិនមែនជាលើកទី១ ដែលលោក សម រង្ស៉ី ចោទប្រកាន់វិទ្យុ RFI នោះ ។
លោក សម រង្ស៉ី បានសរសេរនៅលើទំព័រហ្វេសប៊ុកលលោកមុននេះបន្តិចយ៉ាងដូច្នេះថា៖ «បទសម្ភាសន៍លោក សម រង្ស៊ី កាលពីម្សិលមិញ ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) ពីទីក្រុងប៉ារីស។ នាយកដ្ឋាន វិទ្យុ RFI ជាភាសាខ្មែរ ស្ថិតក្រោមការគ្រប់គ្រងរបស់បុគ្គលមួយក្តាប់តូច ដែលបម្រើរបប ហ៊ុន សែន ដោយបិទមុខ» ។ ប្រតិកម្មនេះបន្ចាប់ពីវិទ្យុ RFI ជាភាសាខ្មែរ ធ្វើកិច្ចសម្ភាសន៍ជាមួយលោក សម រង្ស៉ី កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ។
ជុំវិញការចោទប្រកាន់បែបនេះ ប្រធានគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ (RFI) ផ្នែកភាសាខ្មែរ លោក Jean-François Tain (ហ្សង់-ហ្រ្វង់-ស្វ័រតាន់) មិនមានបំណងប្រតិកម្មឆ្លើយតបភ្លាមៗទេ នៅថ្ងៃពុធនេះ ដែលនេះក៏មិនមែនជាលើកទី១ ដែលលោក សម រង្ស៉ី ចោទប្រកាន់វិទ្យុ RFI នោះ ។
លោកស្វ័រតាន់ បានលើកឡើងថា៖ «ខណៈនេះយើងមិនមានបំណងប្រតិកម្មឆ្លើយតបភ្លាមៗ ទៅនឹងអ្វីដែលគាត់ [សម រង្ស៉ី] បានលើកឡើងទេ ពីព្រោះមិនមែនជាលើកទី១ ដែលគាត់ធ្វើបែបនេះ។ វិទ្យុបារាំងអន្តរជាតិនៅភ្នំពេញ កំពុងពិភាក្សានិងទាក់ទងទៅថ្នាក់ដឹកនាំបារាំងនៃវិទ្យុ RFI នៅឯទីក្រុងប៉ារីស ថា តើត្រូវឆ្លើយ ឬមិនឆ្លើយ តែតាមយោបល់របស់ខ្ញុំ អត់ចាំបាច់ទេ» ។
កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វិទ្យុបារាំងអន្ដរជាតិ(RFI) ផ្នែកភាសាខ្មែរ តំណាងដោយលោក គួច គន្ធារ៉ា បានធ្វើបទសម្ភាសន៍ជាមួយលោក សម រង្ស៉ី អំពីជំហររបស់លោក សម រង្ស៉ី ក្នុងការធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ដែលជាខួបទី៦៦ នៃទិវាឯករាជ្យជាតិ ដែលកម្ពុជាដណ្តេីមបានពីអាណានិគមនិយមបារាំង ៕