ករណីឃាតកម្មប្អូនថ្លៃបាញ់សម្លាប់បងថ្លៃនៅជិតស្តុបណូគា ជនដៃដលត្រូវតុលាការចេញដីការបង្គាប់ឃុំខ្លួន
ភ្នំពេញ៖ លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌទួលគោក នាំខ្លួនជនដៃដល់ឈ្មោះ មាស ណារ៉ា អាយុ៣០ឆ្នាំ មានមុខងារជាសន្តិសុខ យកទៅដាក់ពន្ធនាគាររង់ចាំជំនុំជម្រះទោសតាមច្បាប់។
ការសម្រេចឃុំខ្លួនជនដៃដល់ជាប្អូនថ្លៃនេះ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការលោក សេង ហៀង បានសម្រេចចោទប្រកាន់លើជននេះ ពីបទ «ឃាតកម្មគិតទុកជាមុន» ប្រព្រឹត្តលើបងថ្លៃឈ្មោះ ជួប រតនា អាយុ៤៦ឆ្នាំ មានមុខរបរជាគ្រូបង្រៀននៅវិទ្យាល័យពងទឹក។
នៅចំពោះមុខសមត្ថកិច្ចជនដៃដល់ជាប្អូនថ្លៃសារភាពថា «ខ្ញុំបាញ់៣ ទៅ៤គ្រាប់… ត្រូវ៣គ្រាប់។ ទាំងនេះគឺមកពី គំនុំជាង១០ឆ្នាំហើយ។ ជនសង្ស័យនិយាយទៀតថា គំនុំនេះផ្តើមចេញពីពាក្យសម្តី ព្រោះថា គេធ្វើអីក៏ខុសៗ ព្រមទាំងមានសម្ពាធខាងគ្រួសារខ្លាំងផង។ ជនដៃដល់បានសារភាពទៀតថា ខ្ញុំធ្លាប់ហៅគាត់ហូបស្រាបៀរ មួយកំប៉ុងទៅ ហើយខ្ញុំថាខ្ញុំលើកលែងឲ្យគាត់។ ប៉ុន្តែគាត់នៅតែនិយាយពាក្យមិនល្អ ចំពោះខ្ញុំទៀត ខ្ញុំដដែលជដដែល ទើបសម្រេចចិត្តធ្វើបែបនេះទៅ»៕
សូមរំលឹកថា កាលពីវេលាម៉ោង១១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ មានករណីបាញ់សម្លាប់មួយបានកើតឡើង នៅជិតភ្លើងស្តុបណូគៀរ ខណ្ឌទួលគោក បង្កឡើងដោយប្អូនថ្លៃ បានយកកាំភ្លើងទៅបាញ់សម្លាប់បងថ្លៃរបស់ខ្លួនបណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាមយ៉ាងអណោចអធម។ ក្រោយកើតហេតុតែបន្តិច ជនដៃដល់រូបនេះបានចូលខ្លួនសារភាពដល់ប៉ុស្តិ៍នគរបាលតែម្តង។