ប្រធានាធិបតី ហុងគ្រី និងស្នើសុំមិនឲ្យមានការដកហូត EBA ពីកម្ពុជា
(ភ្នំពេញ)៖ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ប្រធានាធិបតីនៃប្រទេស ហុងគ្រី ឯកឧត្តម យ៉ាណូស អាឌ័រ (Janos Ader) បានលើកឡើងសារជាថ្មីទៀតថា ប្រទេសហុងគ្រីនៅតែបន្តគាំទ្រកម្ពុជា និងស្នើសុំមិនឱ្យមានការដកហូត EBA ពីកម្ពុជាផងដែរ។
ឯកឧត្តមប្រធានាធិបតីក៏បានលើកឡើងថានេះ ជាលើកទី៣ហើយ ដែលឯកឧត្តមបានជួបសម្ដេចតេជោក្នុងរយៈពេលតែ៦ខែប៉ុណ្ណោះ ហើយក្នុងជំនួបនេះ គឺជាជំនួសពិសេសមួយ។ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺឯកឧត្តមពិតជាមិនអាចស្មានដល់ពីការរីកចម្រើននៃទីក្រុងភ្នំពេញ ដែលកាលពីឆ្នាំ ១៩៧៩ ភ្នំពេញគឺមានមនុស្សតែ៧០នាក់តែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះ ភ្នំពេញមានការរីកចម្រើន និងមានសកម្មភាពយ៉ាងមមាញឹក ជាពិសេសការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គួរជាទីចាប់អារម្មណ៍ផងដែរ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីហុងគ្រី ចំពោះអ្វីដែលឯកឧត្តមបានលើកឡើង។ ជំនួបរបស់យើងជាលើកទី៣នេះ គឺជាការភ្ជាប់ទំនាក់ទំនង ក៏ដូចជាការកសាងទំនាក់ទំនង និងពង្រឹងទំនាក់ទំនងយើងឡើងវិញ។
សម្តេចតេជោ ថាទំនាក់ទងកម្ពុជា និងហុងគ្រីមានអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ សម្តេចតេជោក៏បានជម្រាបជូនអំពីប្រវត្តិសាស្ត្ររបស់កម្ពុជាយ៉ាងសង្ខេបថា កម្ពុជាកន្លងមកតែងតែមានការបែកបាក់គ្នា ហើយរហូតមកដល់ប៉ុន្មានឆ្នាំក្រោយនេះ កម្ពុជាក៏ទទួលបានសុខសន្តិភាព និងស្ថេរភាពពេញលេញ ថែមទាំងមានកំណើនសេដ្ឋកិច្ចរហូតដល់ជាង៧%។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះប្រទេស ហុងគ្រីដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជា ជាពិសេសលើឯកសារដែលបានចុះហត្ថលេខាកន្លងមកនោះគឺ ទី១) គម្រោងតេជោភូមិ១០០ ទី២) សកម្មភាពដោះមីន ដើម្បីជំរុញអោយកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥ និងទី៣) អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាចំនួន ១៥ ក្នុង១ឆ្នាំ៕