នៅ​ដើមខែ​វិច្ឆិកា​ ក្រសួងមហាផ្ទៃ នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​ ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់ ​ស្ដីពី​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​

 

ភ្នំពេញ ​៖ ​​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​ ឆ្នាំ​២០១៩ ក្រសួងមហាផ្ទៃ ​នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់ ​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ នេះបើយោងតាម​សេចក្ដីប្រកាស​ព័ត៌មាន ​របស់ក្រសួងមហាផ្ទៃ​។

​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៨​ ខែ​តុលា ​ឆ្នាំ​២០១៩​ ឲ្យ​ដឹងថា ​ក្រសួង​មហាផ្ទៃ​សូម​ជូនដំណឹង​ដល់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​បរទេស ​ព្រមទាំង​សាធារណ​ជនជាតិ​និង​អន្តរជាតិ​ឲ្យ​បាន​ជ្រាបថា ​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ដើម្បី​សម្រប​សម្រួល​ដោះស្រាយ​សំណើ​ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​ នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល ​ដើម្បី​ស្វែងយល់​បន្ថែមទៀត​លើ​សំណើសុំ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​អង្គការ​សង្គម​ស៊ីវិល​។​

គួរ​បញ្ជាក់ថា ​ច្បាប់ ​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​ត្រូវបាន​រដ្ឋសភា​អនុម័ត​ កាលពី​ថ្ងៃទី១៣ ខែ​កក្កដា ​ឆ្នាំ​២០១៥ ​នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៤ នីតិកាល​ទី​៥ ហើយ​ដែល​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​លើ​ទម្រង់​និង​គតិ​ច្បាប់​នេះ​ទាំងស្រុង​ កាលពី​ថ្ងៃទី​២៤​ ខែកក្កដា ​ឆ្នាំ​២០១៥​នា​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៧ នីតិកាល​ទី៣ ព្រមទាំង​ត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស​ថា​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ កាលពី​ថ្ងៃទី​១២ ខែ​សីហា ​ឆ្នាំ​២០១៥​។​

ច្បាប់​ ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែលមាន​៩​ជំពូក ​និង​៣៩ ​មាត្រា​នេះ ​ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ និង​ព្រះរាជលញ្ជករ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១២​ខែសីហា ​ឆ្នាំ​២០១៥៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open