លោក ពេជ្រ ស្រស់ ៖ ក្រុមប្រឆាំងនឹងច្បាប់ គឺកំពុងតែធ្វើនយោបាយដុតខ្លួនឯង និងបក្ខពួក
ទន្ទឹមគំរោងផែនការវិលមកកម្ពុជាវិញរបស់លោកសម រង្ស៊ី ដែលកំពុងគៀងគរអោយប្រជាពលរដ្ឋមកចូលរួមជាមួយខ្លួនដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន អ្នកនយោបាយវ័យក្មេងលោក ពេជ្រ ស្រស់ ថា នេះជានយោបាយដុតខ្លួនឯង និងបក្ខពួក។
លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងតាមបណ្តាញហ្វេសបុករបស់ខ្លួននៅព្រឹកថ្ងៃទី ២៨ ខែតុលានេះថា មនុស្សមួយក្រុមប្រឆាំងនឹងច្បាប់ គឺកំពុងតែធ្វើនយោបាយដុតខ្លួនឯង នឹងកំពុងតែប្រមូលអ្នកដើរតាមខ្លួនយកមកដុតដែរដើម្បីបង្កើតជាផ្សេងឲ្យគេឯងភ្ញាក់ផ្អើល ប៉ុន្តែលទ្ធផលចុងក្រោយគឺត្រូវរងនូវភាពអាមាសដោយសារភ្លៀងមួយមេធំធ្លាក់មកធ្វើឲ្យភ្នក់ភ្លើងនោះរលត់ទៅវិញយ៉ាងអាណោចអាធម្មជាពន់ពេក។
ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា បន្ថែមថា ដូច្នេះអ្នកមិនទាន់ជ្រុលខ្លួនក្លាយទៅជាអូសត្រូវភ្ញាក់ខ្លួនឲ្យទាន់ពេលវេលាគឺដើម្បីថែរក្សាសុវត្ថិភាពខ្លួនឯង និងសុខសន្តិភាពសង្គមផងដែរ ដូចពាក្យចាស់ពោលថា”ជួញជិតគឺប្រសើរជាងជួញឆ្ងាយ” និងមួយឃ្លាទៀត “កុំជឿមនុស្សខ្ចាត់ព្រាត់ កុំភ្លាត់ជាមួយសម្តីផ្អែម” ។
កាលពីពេលថ្មីៗសម្តេចក្រឡាហោម ស ខេង បានអោយដឹងថា ការចាត់វិធានការច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការចាប់ខ្លួនជនសង្ស័យដែលបានចូលរួមក្នុងសកម្មភាពនៃការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដោយជ្រកក្រោមគម្រោងផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់អតីតថ្នាក់ដឹកនាំមួយចំនួននៃអតីតគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី នោះថាជាទង្វើរំលោភសិទ្ធិមនុស្ស គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ៕