មន្ត្រីកាំកុងត្រូលបានរកឃើញទំនិញខូចគុណភាព នៅស្រុកស្វាយជ្រុំ ចំនួន២៥០គីឡូក្រាម រួចដុតកម្ទេចចោលទាំងអស់
(ស្វាយរៀង)៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីពាណិជ្ជខេត្ត និងអាជ្ញាធរដែនដី បានចុះពិនិត្យទំនិញនៅផ្សារដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា សកម្មភាពការងារចុះត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យទំនិញវ៉ិចខ្ចប់ស្រាប់ ដើម្បីរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារនៅផ្សារដូនស និងតាមគេហដ្ឋានតាំងលក់ទំនិញ និងតាមម៉ាតមួយចំនួន ស្ថិតនៅឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
លោក ផឹង និល បានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញរកឃើញទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មានដូចជា៖ ស្កគ្រាប់ចំនួន ១៥កំប៉ុង ស្ពៃកំប៉ុង ០៦កំប៉ុង ទឹកដោះគោខាប់ ៦កំប៉ុង ត្រីខ ០៧កំប៉ុង ទឺកអូអិឈិចំនួន ១៥កេះ ម្សៅបំពង ៦៥កញ្ចប់ នំបំពង ២៥គីឡូក្រាម តែកញ្ចប់ ៥កញ្ចប់ សរុបរួមស្មើ ២៥០គីឡូក្រាម។
មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលផងដែរ៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ