សម្តេចតេជោ ថាក្រុមហ៊ុនស៊ិនទ្រី ពូកែតែខាងទារលុយពីម្ចាស់ផ្ទះ តាមវិក័យបត្រអគ្គិសនី ទាំងសម្រាមមិនទាន់បានដឹក
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា តាំងពីបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល ក្រុមហ៊ុនប្រមូលសំរាម ស៊ិនទ្រី ពូកែតែខាងទារលុយពីម្ចាស់ផ្ទះ តាមរយៈវិក័យបត្រអគ្គិសនី «គេបង់ថ្លៃអគ្គិសនី តែត្រូវបង់ថ្លៃសំរាមដែរ ខណៈសំរាមមិនទាន់បានដឹកផង។ ល្មមដល់ពេលដោះស្រាយបញ្ហានេះ ឲ្យប្រជាជនបានទទួលផលប្រយោជន៍ពីការកែទម្រង់នេះ»។
សម្តេចតេជោបានបញ្ជាក់ទៀតថា ការដោះស្រាយបញ្ហាសំរាម ដែលក្រុមហ៊ុនស៊ីនទ្រី ធ្វើមិនបាន គឺប្រៀបដូចជាការអង្គុយប់ផ្សែង។ ដូច្នេះសម្តេចសម្រេចដកសិទ្ធិពីក្រុមហ៊ុនប្រមូលសំរាមនេះ គឺជាការវះកាត់នូវជំងឺរ៉ាំរៃ ដែលមិនទាន់ដោះស្រាយបាន។ ចំណែកការដកចេញពីវិប័យបត្រជាមួយអគ្គិសនីកម្ពុជា គឺជាការដោះស្រាយដ៏ល្អមួយ ព្រោះបណ្តោយទៅទៀត នាំឲ្យឈ្មោះអគ្គិសនីកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាឧទហរណ៍ជាក់ស្តែងថា «ថ្លៃអគ្គិសនីអស់ត្រឹម១០ដុល្លារ តែថ្លៃសំរាម២០ដុល្លារ ដូច្នេះយកអាតូចបង្ខូចអាធំតែម្តង។ ផ្ទះខ្លះ មិនមានសំរាមផង មិនដែលឃើញឡានទៅយកសំរាមផង ក៏យកលុយគេដែរ»៕
អត្ថបទ៖ សុខ លាភ