ក្រុមលោក កឹម សុខា បានបើកការវាយប្រហារក្រុម សម រង្ស៊ី ផ្ទួនៗ

 

(ភ្នំពេញ)៖ ក្រុមលោក កឹម សុខា បានបើកការវាយប្រហារក្រុម សម រង្ស៊ី ផ្ទួនៗ ដោយចាត់ទុកក្រុមសមរង្ស៊ី ថាធ្វើនយោបាយគ្មានយុទ្ធសាស្ត្រ និងភូតភរ បោកប្រាស់។ ការវាយប្រហារនេះ បានធ្វើឡើង ខណៈដែលក្រុម សម រង្ស៊ី គ្រោងនឹងយកថ្ងៃទី០៩វិច្ឆិកា ដើម្បីទាញការចាប់អារម្មណ៍ចំពោះការវិលត្រឡប់មកប្រទេសកម្ពុជា។

ការប្រកាសចូលស្រុករបស់លោក សម រង្ស៊ី គឺជាការបង្កើតព្រឹត្តិការណ៍(PR stunt) ដើម្បីឲ្យមនុស្សជជែកអំពីគាត់តែប៉ុណ្ណោះ។ រឿងនេះ គឺធ្វើឡើងដោយក្រុមមនុស្ស ដែលមិនបានធ្វើអ្វីសោះ ក្នុង២ឆ្នាំនេះ តែប្រើល្បិច (gimmicks) ដើម្បីឲ្យគេចុះផ្សាយពីខ្លួន។ នេះជាការលើកឡើងកូនស្រី កឹម សុខា គឺ កឹម មនោវិទ្យា ។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកកញ្ញា កឹម មនោវិទ្យា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ថា៖ «គ្មានផែនការពិតប្រាកដ សម្រាប់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិណាម្នាក់ ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកានោះទេ»។ វាគ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍ថ្មីមួយទៀត ពីអ្នកដែលមិនបានធ្វើអ្វីសោះ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ ក្រៅ តែពីបង្កើតរឿងទាក់ទាញចំណាប់អារម្មណ៍ ដើម្បីព័ត៌មានចុះផ្សាយ។ កញ្ញាបន្តថា ពួកគេចាត់ទុកបណ្តាញព័ត៌មាន និងអ្នកគាំទ្ររបស់ខ្លួន ជាមនុស្សល្ងីល្ងើម្តងហើយម្តងទៀត។

កញ្ញា កឹម មនោវិទ្យា បន្ថែមទៀតថា ឆាកជីវិតនយោបាយរបស់លោក សម រង្ស៊ី ជាសហស្ថាបនិកគណបក្សសង្គ្រោះជាតិ ហើយដែលកំពុងនិរទេសខ្លួននោះ គឺចប់អស់ហើយ ដោយសារតែលោកខ្វះការប្តេជ្ញាចិត្ត ធ្វើការសម្រេចចិត្តភ្លាមៗ បែបអត្តនោម័ត ហើយសំខាន់ជាងនេះទៅទៀត គឺខ្វះទស្សនៈវិស័យបែបយុទ្ធសាស្ត្រ។

ជាមួយគ្នានេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ក្រុមលោក កឹម សុខា ក្នុងនាមអតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ដោយចាត់ទុកថា អំពើរបស់ សម រង្ស៊ី ជាក្រុមអ្នកនយោបាយក្រៅបក្ស បាននិងកំពុងញុះញង់បង្កឲ្យប្រើវប្បធម៌ហិង្សា និងការប៉ុនប៉ងឈានទៅការគ្របគ្រងអំណាចតាមបែបបដិវត្តន៍ហិង្សា និងមិនតាមមធ្យោបាយប្រជាធិបតេយ្យ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds