តុលាការខេត្តព្រះសីហនុ ច្រានចោលព័ត៌មានថា «បុរសម្នាក់បានធ្វើអត្តឃាត ក្រោយពីអាជ្ញាធរចុះរុះរើកម្ទេចផ្ទះនៅខេត្តព្រះសីហនុ

 

(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយច្រានចោលព័ត៌មាន ដែលចុះផ្សាយថា «បុរសម្នាក់បានធ្វើអត្តឃាត ក្រោយពីអាជ្ញាធរចុះរុះរើកម្ទេចផ្ទះនៅខេត្តព្រះសីហនុ» កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ។

យោងតាមសេចក្តីប្រកាសព័ត៌មាននេះ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក្នុងនាមស្ថាប័នដឹកនាំ និងសម្របសម្រួលសកម្មភាព របស់មន្ត្រីនគរបាលយុត្តិធម៌ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងមានកាតព្វកិច្ចក្នុងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ក្នុងករណីមានព័ត៌មានធ្វើឱ្យច្របូកច្របល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

តាមការចុះស៉ីបអង្កេតស្រាវជ្រាវរបស់អាជ្ញាធរមានសមត្ថកិច្ចដល់ទីតាំងកើតហេតុ ស្ថិតនៅចំណុចដីក្រុមហ៊ុនអេហ្គឹន (ព្រែកត្របែក) ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងស្តាប់ការបំភ្លឺរបស់ឈ្មោះ សុខ ធី ភេទស្រី ជនជាតិវៀតណាម ជាប្រពន្ធជនរងគ្រោះ បានបំភ្លឺថា ជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយ ហើយនៅថ្ងៃទី២១ខែតុលា ឆ្នាំ២០១៩ មុនពេលកើតហេតុជនរងគ្រោះមានអាការៈចុករោយឆ្អឹងខ្នង ក៏បានឱ្យប្រពន្ធកោសខ្យល់ រួចបានធ្វើការធ្ងន់ធ្ងរមិនបានសម្រាក ដោយបានរាយមងដាក់នុយត្រី និងបន្តជួសជុលម៉ាស៉ីនដែលខូច ដល់វេលាទៀបភ្លឺឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ទើបប្រាប់ឲ្យប្រពន្ធរបស់ខ្លួនចូលសម្រាក។ លុះដល់វេលាម៉ោង៤៖៣០ នាទីទៀបភ្លឺ ទើបប្អូនជីដូនមួយរបស់ជនរងគ្រោះប្រទះឃើញដេកស្លាប់ក្នុងទឹកតែម្តង។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ប្រហែលម៉ោង ៣:៣០ នាទីទៀបភ្លឺ ជនរងគ្រោះឈ្មោះ ឡុង រិន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំដី ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានស្រុកកំណើតនៅខេត្តកោះកុង មានប្រពន្ធឈ្មោះ សុខ ធី អាយុ ៤៧ឆ្នាំ ជនជាតិវៀតណាមធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ នៅខេត្តកោះកុង នៅឆ្នាំ២០១៥ ចេញពីពន្ធនាគារវិញនៅខែកក្កដា ឆ្នាំ២០១៨ បានស្លាប់ដោយសារខ្យល់គរគាំងបេះដូង រួចធ្លាក់ពីលើទូកចូលទឹកព្រែកទឹកសាប ខណៈពេលដែលជនរងគ្រោះបានចេញទៅមើលសន្ទួច និងដាក់ត្រីនៅទីនោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds