សម្ដេចតេជោ ៖ យើងត្រូវចូលរួមសំអាតសំរាមដើម្បីទីក្រុង និងប្រទេសជាតិស្អាតល្អ
ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតមកពី សាកលវិទ្យាល័យបៀលប្រាយ នៅកោះពេជ្រ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពាវអោយពលរដ្ឋកម្ពុជាគ្រប់ទីកន្លែងទាំងអស់ចូលរួមសម្អាតសំរាម ដើម្បីអោយប្រទេសជាតិមានសោភ័ណភាពស្រស់ស្អាតល្អ ជាពិសេសនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ និង បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ (ចាប់ពីថ្ងៃទី៩-១២ វិច្ឆិកា ២០១៩)។
នៅក្នុងពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូកខាងមុខនេះ សម្តេចតេជោ ហ៊ុន សេន បានមានប្រសាសន៍សង្កត់ធ្ងន់នៅក្នុងរាជធានីភ្នំពេញ គឺសុំអោយសាលាក្រុងសហការជាមួយក្រុមសមាគមយុវជន ដូចជាយុវជនមកពីក្រសួងបរិស្ថាន, យុវជនស្រឡាញ់សន្តិភាព, យុវជនមកពីសហព័ន្ធយុវជន (សសយក), យុវជន ២២ និងយុវជនក្រុមក្មេងវត្ត..។ល។ សម្តេចតេជោក៏បានមានប្រសាសន៍បញ្ជាក់សារជាថ្មីផងដែរថា កាលពីពេលថ្មីៗនេះ មានជនអនាមិកខិលខូចដែលបានផ្សាយរូបថតមានសំរាមនៅតាមមាត់ទន្លេ យកមកក្រឡៃថាជាសាររបស់សម្តេច ដែលអំពើនោះគឺជាការភូតកុហក់បោកប្រាស់ប្រជាពលរដ្ឋទាំងស្រុង។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសសូមចូលរួមទទួលខុសត្រូវថែរក្សាសម្អាតទីក្រុង និងប្រទេសរស់នៅរបស់យើងអោយមានអនាម័យ និងបរិស្ថានល្អ បើហូបអ្វីហើយ កុំបោះចោលថង់ ឬបោះចោលសំរាមពាសវាលពាលកាល ដែលធ្វើអោយខូចណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុង និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសកុមារដែលងាយរងគ្រោះ៕