ត្រឹម៩ខែដំបូងនៃឆ្នាំ២០១៩នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង បានចំណាយថវិកាអស់ចំនួនជាង៣៣លានដុល្លារអាមេរិក

(ភ្នំពេញ)៖ សម្រាប់៩ខែដំបូងនៃឆ្នាំ២០១៩នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង បានចំណាយថវិកាអស់ចំនួន ៣៣ ៥០០ ០០០ ដុល្លារ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ ងួន សុខា បានជម្រាបជូនសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងនិងជាតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ក្នុងឱកាសដែលគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំងបាននាំយកថវិកាមកជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ។

លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរជូនចំពោះ សម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានចំណាយពេលវេលាដ៏មានតម្លៃដឹកនាំគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់វិភាគទានដ៏សប្បុរសធម៌នេះជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ លោកជំទាវ ក៏បានលើកអំពីគោលបំណងសំខាន់របស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលមិនត្រឹមតែជួយស្វែងរកប្រភពមូលនិធិសម្រាប់ទ្រទ្រង់ដល់និរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផានោះទេ ថែមដើម្បីបណ្តុះ សាបព្រោះ និងលើកកម្ពស់ស្មារតីជួយគ្នាទៅវិញទៅមកក្រោមពាក្យស្លោក ខ្មែរ ជួយ ខ្មែរ ឱ្យបានកាន់តែទូលំទូលាយ ទូទាំងប្រទេស។

សូមបញ្ជាក់ថានៅមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង គឺជាក្តីសង្ឃឹមរបស់កុមារកម្ពុជា ដោយមន្ទីរពេទ្យនេះបានធ្វើការព្យាបាលជម្ងឺកុមារាកុមារីជាច្រើនលាននាក់ឲ្យរស់រានមានជីវិតរួចផុតពីជម្ងឺទាំងស្រាលនិងធ្ងន់ធ្ងរ។ ហើយទើបតែ៩ខែនៃឆ្នាំ២០១៩ មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង បានចំណាយថវិកាអស់ចំនួនដ៏ច្រើន ដូច្នេះហើយសង្ឃឹមថាប្រជាពលរដ្ឋកម្ពុជាយើងទូទាំងប្រទេសធ្វើការបរិច្ចាគថវិកាតាមលទ្ធភាព ដើម្បីឲ្យមន្ទីរពេទ្យគន្ធបុប្ផាដំនើរការបានយ៉ាងយូរអង្វែង៕

ប្រភព៖ មូលនិធិគន្ធបុប្ផា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open