លោក មុត ចន្ថា ៖ លោក កឹម សុខា អហិង្សាជាគោលការណ៍មិនផ្លាស់ប្តូរ
ភ្នំពេញ៖ លោក កឹម សុខា ជាមនុស្សគោរពគោលការណ៍មិនគុំកួនសងសឹក និងមិនចាត់ទុកខ្មែរណាជាសត្រូវ តាមព្រះរាជបណ្ដាំរបស់ព្រះបរមរតនកោដ្ឋ អហិង្សាជាគោលការណ៍មិនផ្លាស់ប្តូរ។ នេះជាការលើកឡើងរបស់លោក មុត ចន្ថា ដែលជាមនុស្សស្និទ្ធនឹងលោក កឹម សុខា។
នៅលើហ្វេសប៊ុកផ្លូវការខ្លួន លោក មុត ចន្ថា បានរំឭកពីគោលជំហររបស់លោក កឹម សុខា នៅគនៅគ្រាដែលដឹកនាំបក្សថា លោកប្រធាន កឹម សុខា ស្មោះត្រង់ចំពោះរដ្ឋធម្មនុញ្ញ និងបាវចនាជាតិ។ លោកមិនគាំទ្រដាច់ខាតចំពោះបុគ្គលណា រួមទាំងអ្នកនយោបាយដែលជ្រើសរើសយកមធ្យោបាយហិង្សា ដើម្បីដោះស្រាយបញ្ហា។
និយាយពីចំណុចខាងលើនេះ លោក មុត ចន្ថា ក៏បានអះអាងថា ទស្សនៈលោកប្រធាន កឹម សុខា អំពីសន្តិភាព គឺៈ «សន្តិភាព គឺនៅពេលណាប្រជាពលរដ្ឋមានលទ្ធភាពដោះស្រាយជម្លោះរបស់គេដោយគ្មានហិង្សា និងធ្វើការរួមគ្នា ដើម្បីធ្វើឲ្យប្រសើរដល់គុណភាពនៃជីវិតរបស់ពួកគេ។
អះអាងពីជំហររបស់លោក កឹម សុខា ហើយលោក មុត ចន្ថា ក៏និយាយការពារអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះថា សន្តិភាព គឺនៅពេលណាៈ មនុស្សគ្រប់រូបមានអំណាចចូលរួមក្នុងការកំណត់ទម្រង់នៃការធ្វើសេចក្តីសម្រេចនយោបាយ ហើយរដ្ឋាភិបាលត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ»។
បច្ចុប្បន្ននេះ លោក កឹម សុខា កំពុងជាប់ឃុំខ្លួននៅក្នុងផ្ទះ ដោយស្ថិតនៅក្នុងក្រោមការឃ្លាំងមើលរបស់តុលាការ ។ បើគិតទាំងការឃុំខ្លួននៅពន្ធនាគារ និងក្នុងផ្ទះ គឺមានរយៈពេលជាង២ឆ្នាំហើយ។ ការជាប់ឃុំខ្លួនបែបនេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចាត់ទុកជាការរំលោភច្បាប់និងរដ្ឋធម្មនុញ្ញ។ ព្រោះតាមនីតិវិធី ជនត្រូវចោទ មិនអាចត្រូវបានឃុំឲ្យលើសពីមួយឆ្នាំកន្លះឡើយ។
ប៉ុន្តែចំណុចនេះ ត្រូវបានតុលាការនិងក្រសួងយុត្តិធម៌ បកស្រាយវិញថា បច្ចុប្បន្នលោក កឹម សុខា មិនមែនជាប់ឃុំក្នុងផ្ទះនោះទេ ពោលគឺ លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ ដោយគ្រាន់តែដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ និងជាប់បម្រាមខ្លះៗប៉ុណ្ណោះ។ បម្រាមទាំងនោះ រួមមាន មិនឲ្យចេញទៅណាហួសពីព្រំដែនកំណត់ មិនឲ្យជួបអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង និង មិនឲ្យជួបជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង៕
អត្ថបទ៖ សុខ លាភ