ទូតអាមេរិកថ្មី រង់ចាំជួបជាមួយសមាជិករាជរដ្ឋាភិបាល ដើម្បីពិភាក្សាពីកិច្ចប្រឹងប្រែងចំណងមិត្តភាពរវាងប្រទេសទាំងពីរ

 

(ភ្នំពេញ)៖ ក្រោយចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជា លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ប្រចាំនៅកម្ពុជា នៅថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០១៩នេះបានបង្ហាញក្តីសប្បាយរីករាយ ដោយមានកិត្តិយសដ៏ធំធេង ។

លោក Partick Murphy បានសរសេរសារខ្លីនៅបណ្តាញសង្គម Twitter របស់លោកយ៉ាងដូច្នេះថា៖ «បន្ទាប់ពីចូលគាល់បង្ហាញខ្លួនក្នុងនាមជា ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅកម្ពុជា ចំពោះព្រះភក្រ្តព្រះមហាក្សត្ររួចហើយ ខ្ញុំកំពុងរង់ចាំជួបជាមួយសមាជិកនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាពីកិច្ចប្រឹងប្រែងចំណងមិត្តភាពរវាងប្រទេសទាំងពីរ»។

លោក Murphy ជាអតីតឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេស ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ហើយជាសមាជិកអាជីពម្នាក់ នៅក្នុងកិច្ចការបរទេសជាន់ខ្ពស់។ កន្លងមកលោក គឺជាអនុប្រធានទូត និងជាភារធារី ប្រចាំនៃប្រទេសថៃ ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៦, នៅប្រទេស Lesotho ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០០៨ ហើយបានធ្វើជាតំណាងស្តីទីពិសេស និងជាអ្នកសម្របសម្រួលគោលនយោបាយ សម្រាប់ប្រទេសមីយ៉ាន់ម៉ាពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣។

លោក Murphy បានបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីការសាកលវិទ្យាល័យ Vermont រួមជាមួយសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ John Hopkins និងមហាវិទ្យាល័យយោធា និងបានបម្រើការងារក្នុងវិស័យការទូតលើស២៥ឆ្នាំ ហើយលោកបានកាន់តំណែងជាន់ខ្ពស់ជាច្រើនផងដែរ។

កាលពីពេលកន្លងទៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានបង្ហាញភាពសុទិដ្ឋិនិយមថា លោក Patrick. Murphy នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែមានភាពល្អប្រសើរ។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វត្តមានលោក Patrick. Murphy ឯកអគ្គរដ្ឋទូត នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានលក្ខណៈល្អប្រសើរ ដោយសារលោកទូត មានបទពិសោធន៍ និងចំណេះដឹងការងារការទូតច្រើនឆ្នាំ, លោកនឹងធ្វើការងារការទូត»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open