សុខ ធី ឈ្នះថៃក្នុងទឹកទី១ ឯអ៊ូច ធារិទ្ធ ចាញ់ថៃដោយពិន្ទុ
សុខ ធី អ្នកប្រដាល់កម្ពុជានៃក្លិបសៅយ៉ាន់នាគាខេត្តបន្ទាយមានជ័យ បានវាយឈ្នះថៃ ខណះអ៊ូច ធារិទ្ធ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ បានវាយចាញ់អ្នកប្រដាល់ថៃ នៅក្នុងការជួបប្រកួតគ្នាលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃសុក្រទី១៨តុលា២០១៩។
សុខ ធី អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាក្លិបសៅយ៉ាន់នាគាខេត្តបន្ទាយមានជ័យ បានប្រើពេលមិនដល់មួយទឹកទេ ផ្តួលអ្នកប្រដាល់មកពីប្រទេសថៃក្រក់ផេត គាតបណ្ឌិត (Krokpetch Kheathandit ) ក្នុងទឹកទី១ប៉ុណ្ណោះ ។ ទឹកដំបូង ក្រក់ផេត គាតបណ្ឌិត ត្រូវសុខ ធី ដាល់ត្រូវថ្គាមស្តាំមួយដៃ ដួលត្រូវអាជ្ញាកណ្តាលរាប់ដល់៨ ។ក្រោយពីបន្តការប្រកួតទៀតនោះ ក្រក់ផេត ក៏ត្រូវសុខ ធីដាល់ត្រូវមុខទៀតបណ្តាលឲ្យដួលជាលើកទី២និងត្រូវអាជ្ញាកណ្តាលរាប់៨ម្តងទៀត ។ក្រក់ផេត បានងើបបន្តការប្រកួតទៀត ប៉ុន្តែចៀសមិនផុតពីសន្លប់ដោយកណ្តាប់ដៃរបស់សុខ ធីនោះឡើយ ដែលធ្វើអោយសុខ ធី ឈ្នះក្រក់ផេត ក្នុងទឹកទី១នោះ។
អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយកម្ពុជា អ៊ូច ធារិទ្ធ វាយចាញ់អ្នកប្រដាល់ថៃ ទ្រី ផេត ស.រឿងឆ័យ (Tripetch Sor.Ruengchai ) ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ។
ចំពោះ អ៊ូច ធារិទ្ធ ពីទឹកដំបូងវាយគ្រាន់បើ តែបន្ទាប់ពីចូលដល់ការប្រកួតក្នុងទឹកទី៣និងចូលដល់ទឹកទី៤នោះ ទ្រី ផេត ស.រឿងឆ័យ គឺសម្រុកដាល់និងជង្គង់ទៅលើអ៊ូច ធារិទ្ធ ដែលធ្វើអោយអ្នកប្រដាល់កម្ពុជាធារិទ្ធ ត្រូវជាច្រើនដៃឡើងចង់គាំងម្តងៗទៅហើយ ប៉ុន្តែអ្នកប្រដាល់កម្ពុជាអ៊ូច ធារិទ្ធ គេស៊ូវាយតបតវិញទាំងចាញ់ពិន្ទុទ្រី ផេត ។ យ៉ាងណា អ៊ូច ធារិទ្ធ ចាញ់ទ្រី ផេត ស.រឿងឆ័យ ត្រឹមពិន្ទុប៉ុណ្ណោះ ក្រោយបញ្ចប់ការប្រកួត៥ទឹកនោះ ។
សូមបញ្ញាក់ថា កាលពីប្រកួតលើកមុន អ្នកប្រដាល់ថៃទ្រី ផេត ស.រឿងឆ័យនេះបានវាយចាញ់សុខ ធី អ្នកប្រដាល់កម្ពុជាក្លិបសៅយ៉ាន់នាគាខេត្តបន្ទាយមានជ័យដោយពិន្ទុ តែមកលើកនេះគេវាយឈ្នះអ៊ូច ធារិទ្ធ ដោយពិន្ទុវិញ៕