អាណិតណាស់! បុរសម្នាក់់ នាំប្រពន្ធនិងកូនទៅបេះត្រកួននៅប្រឡាយបឹងភ្លោះ លង់ទឹកស្លាប់
ខេត្តកណ្ដាល ៖ បុរសម្នាក់ នាំប្រពន្ធនិងកូនទៅបេះត្រកួននៅប្រឡាយបឹងភ្លោះ បានលង់ទឹកស្លាប់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០នាទី នៅចំណុចក្នុងប្រឡាយបឹងភ្លោះស្ថិតក្នុងភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាល ។
ជនរងគ្រោះឈ្មោះ សំ សែត ភេទ ប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ មុខរបរ បេះត្រគួនលក់។
តាមការបំភ្លឺរបស់ប្រពន្ធឈ្មោះ ភុន ម៉ៅ បានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៩និង០០នាទី ជនរងគ្រោះ បាននាំប្រពន្ធនិងកូនទៅបេះត្រកួននៅប្រឡាយបឹងភ្លោះ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ ពេលបេះបានពេញមួយចានដែក ប្រពន្ធក៏ឲ្យប្តីយកទៅដាក់លើគោកក្រោមដើមរាំង ហើយប្រពន្ធនិងកូនបេះបន្តទៀត ដោយបាត់ប្តីយូរ ពេកប្រពន្ធនិងកូនឆ្ងល់ក៏ដើររកប៉ុន្តែរកមិនឃើញរួចក៏ត្រឡប់ទៅផ្ទះវិញ លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០ នាទី ប្រពន្ធជនរងគ្រោះមិនអស់ចិត្ត ក៏បបួលអ្នកភូមិឲ្យទៅជួយរកកន្លែងបេះត្រកួនម្តងទៀត ពេលទៅដល់ស្រាប់តែឃើញជនរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានបង្កើតគណៈកម្មកាពិនិត្យរួមមាន ៖ កម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យទៅលើសាកសព ៖ ការសន្និដ្ឋានរបស់ជំនាញនិងគ្រូពេទ្យ ជនរងគ្រោះពិតជាបានស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែន ហើយពុំមានស្លាកស្នាមអី្វគួរឲ្យកត់សម្គាល់ឡើយ។
ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភពដើម៖ អគ្គស្នងការដ្ឋាននគរបាលជាតិ