ចិនថា សហរដ្ឋអាមេរិក​​​ត្រូវតែលុបគម្រោងដំឡើងពន្ធ​ ដើម្បីសម្រេចកិច្ចព្រមព្រៀងពេញលេញ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បាននិយាយថា ប្រទេសចិនបានសង្កត់ធ្ងន់ កាលពីថ្ងៃព្រហស្បតិ៍ថា ​សហរដ្ឋអាមេរិក ត្រូវតែដករាល់ចំណាត់ការដំឡើងពន្ធបន្ថែម ដែលបានដាក់មកលើទំនិញចិនចេញទៅវិញទាំងអស់ ដើម្បីឲ្យប្រទេសទាំង២ អាចឈានដល់កិច្ចព្រមព្រៀងពេញលេញចុងក្រោយមួយបាន។ នេះបើយោងតាមការចេញផ្សាយ​ពីសារព័ត៌មាន Sputnik នៅ​ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩។

លោក កៅ ហ្វេង (Gao Feng) អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជំហរ និងគោលដៅរបស់ចិននៅក្នុង កិច្ចចរចាពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន គឺមិនដែលផ្លាស់ប្តូរឡើយ។ កម្មវត្ថុចម្បងរបស់ភាគីទាំងពីរនៅក្នុងកិច្ចចរចា គឺដើម្បីបិទបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ហើយលុបចោលរាល់ការដំឡើងពន្ធបន្ថែមលើទំនិញភាគីនីមួយៗ ដោយវា​ល្អ​សម្រាប់ប្រទេសចិន ល្អសម្រាប់​អាមេរិក និងក៏ដូចជាពិភពលោកទាំងមូលផងដែរ។

គួរបញ្ជាក់ថា ជំនួបចរចាជុំចុងក្រោយគេស្តីពីបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំង២ ទើបតែបានបញ្ចប់ទៅកាលពីសប្តាហ៍មុននៅវ៉ាស៊ីនតោន ដោយខាងអាមេរិកបានបញ្ជាក់ថា ខ្លួននឹងផ្អាកគម្រោងដំឡើងពន្ធលើទំនិញចិន ដែលតាមពិតត្រូវអនុវត្តកាលពីថ្ងៃអង្គារ​សប្តាហ៍នេះ។ ក្រោយការចរចា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា ភាគីទាំង២បានឯកភាពគ្នាលើកិច្ចព្រមព្រៀងដំណាក់កាលទី១ ដែលពាក់ព័ន្ធនឹងបញ្ហាកម្មសិទ្ធិបញ្ញា បញ្ហារូបិយប័ណ្ណ និងបញ្ហាសេវាហិរញ្ញវត្ថុជាដើម ហើយចិនក៏បានយល់ព្រមទិញផលិតផលកសិកម្មអាមេរិកឡើងវិញ ក្នុងទំហំចាប់ពី ៤០-៥០ពាន់លានដុល្លារអាមេរិកផងដែរ។

លើសពីនេះទៅទៀត លោក Gao បានត្រឹមប្រាប់ថា ក្រុមហ៊ុនចិននឹងបង្កើនការទិញផលិតផលកសិកម្មអាមេរិក ដោយយោងទៅលើតម្រូវការ និងគោលការណ៍នៃទីផ្សារចិន ដោយលោកមិនបានបញ្ជាក់ពីចំនួនជាក់លាក់នោះទេ។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនរូបនេះ ក៏មិនបានបញ្ជាក់ដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលអាមេរិកអះអាងនោះ នឹងត្រូវបានចុះហត្ថលេខានាពេលណា ឬក៏មេដឹកនាំនៃប្រទេសទាំងពីរ បានគ្រោងជួបមុខគ្នាម្តងទៀតដែរឬក៏អត់ ប៉ុន្តែលោក Gao បាននិយាយថា ភាគីទាំងពីរកំពុងបន្តរក្សាការទាក់ទងគ្នាជាប់ជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds