ហុងគ្រី ព្រមានថា នឹងប្រើកម្លាំងយោធាដើម្បីការពារព្រំដែន បើសិនជាតួកគីបើកច្រកផ្លូវឲ្យជនភៀសខ្លួនស៊ីរី ចូលមកកាន់ទ្វីបអឺរ៉ុប
នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របេន (Viktor Orban) បានព្រមានថា ប្រទេសរបស់លោកនឹងប្រើប្រាស់កម្លាំងយោធាដើម្បីការពារតំបន់ព្រំដែនអឺរ៉ុប នៅឯតំបន់ព្រំដែនភាគខាងត្បូង បើសិនជាតួកគីបើកច្រកផ្លូវសម្រាប់ជនភៀសខ្លួន ចូលមកកាន់តំបន់នេះ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
បើតាមសារព័ត៌មាន Viktor Orban បានរាយការណ៍ថា លោក Viktor Orban បានព្រមាននេះនៅក្នុងបទសម្ភាសន៍មួយ ក្រោយមានសេចក្ដីរាយការណ៍ថា តួកគីអាចនឹងបញ្ជូនជនភៀសខ្លួនស៊ីរីរាប់លាននាក់ ទៅកាន់សហភាពអឺរ៉ុប នៅក្នុងករណីទីក្រុងជាប់ទណ្ឌកម្មដោយសារតែប្រតិបត្តិការយោធា កម្ទេចក្រុមសកម្មប្រយុទ្ធឃើដនៅតំបន់ភាគខាងជើងប្រទេសស៊ីរី។
ក្នុងនោះ លោក Orban បានបញ្ជាក់ថា«បើសិនជាតួកគីបើកច្រកផ្លូវ ឬបញ្ជូនជនភៀសខ្លួនរាប់ពាន់ (លំហូរជនអន្តោប្រវេសន៍ដែលមានស្រាប់)មកកាន់អឺរ៉ុប នោះយើងចាំបាច់ត្រូវតែ ប្រើកម្លាំងបាយដើម្បីការពារព្រំដែនហុងគ្រី និងព្រំដែនរវាងហុងគ្រី និងស៊ែប៊ី…»។
គួរបញ្ជាក់ថា បើតាមលោកនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បច្ចុប្បន្នមានជនភៀសខ្លួន ៩០,០០០នាក់ នៅក្នុងតំបន់បាល់កង់ ហើយចំនួនអាចនឹងកើនឡើងដល់ ១០០,០០០នាក់។ លោក Orban គឺជាអ្នកនយោបាយម្នាក់ ដែលប្រឆាំងជំទាស់យ៉ាងខ្លាំងនឹងជនអន្តោប្រវេសន៍ ព្រោះវាបានបង្កឲ្យប្រទេសអឺរ៉ុបជាច្រើនរួចមកហើយ ជួបប្រទះបញ្ហាសន្តិសុខ ជាពិសេសគឺអំពើភេរវកម្មតែម្តង៕